រដ្ឋាភិបាលកណ្តាល-ស្តាំនិយម បានឲ្យដឹងនៅថ្ងៃចន្ទ (ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦) នេះថា ប្រទេសស៊ុយអែតនឹងរឹតបន្តឹងច្បាប់សុំសញ្ជាតិ ដោយអ្នកដាក់ពាក្យសុំប្រឈមនឹងការរង់ចាំរយៈពេលយូរជាងមុន រហូតដល់ ៨ឆ្នាំ មុនពេលពួកគេអាចដាក់ពាក្យសុំ មានកម្រិតប្រាក់ឈ្នួលអប្បបរមា និងការធ្វើតេស្តការយល់ដឹងរបស់ពួកគេ អំពីសង្គមស៊ុយអែត។
រដ្ឋាភិបាលជាបន្តបន្ទាប់ បានរឹតបន្តឹងគោលនយោបាយអន្តោប្រវេសន៍ ចាប់តាំងពីឆ្នាំ២០១៥ មក នៅពេលដែលអ្នកស្វែងរកសិទ្ធិជ្រកកោនប្រហែល ១៦០.០០០នាក់ បានស្វែងរកទីជម្រកនៅស៊ុយអែត។ ប៉ុន្តែរដ្ឋាភិបាលចម្រុះសំឡេងភាគតិច កំពុងរំពឹងថា ការរឹតបន្តឹងកាន់តែខ្លាំង លើអន្តោប្រវេសន៍ នឹងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងដែរពីអ្នកបោះឆ្នោត នៅក្នុងការបោះឆ្នោតសភា នាខែកញ្ញា។
រដ្ឋមន្ត្រីក្រសួងទេសន្តរប្រវេសន៍ លោក Johan Forssell បានប្រាប់អ្នកសារព័ត៌មានថា៖ «តម្រូវការទាំងនេះ គឺពិបាកជាងស្ថានភាពសព្វថ្ងៃនេះ ពីព្រោះបច្ចុប្បន្ននេះ មិនមានតម្រូវការ (ដើម្បីក្លាយជាពលរដ្ឋ) ទេ»។
រដ្ឋាភិបាលបានឲ្យដឹងថា អ្នកដាក់ពាក្យសុំសញ្ជាតិស៊ុយអែត នឹងត្រូវរស់នៅក្នុងប្រទេសនេះរយៈពេល ៨ឆ្នាំ ដោយដំឡើងពី ៥ឆ្នាំ មានប្រាក់ចំណូលប្រចាំខែជាង ២០.០០០ក្រូណាស៊ុយអែត (២.២២៥ដុល្លារ) ហើយអាចប្រឡងជាប់តេស្តទាំងខាងភាសា និងវប្បធម៌៕