អនុប្រធានាធិបតីអាមេរិក លោក JD Vance នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអាមេនី និងអាស៊ែបៃហ្សង់ ក្នុងសប្តាហ៍នេះ ដើម្បីជំរុញកិច្ចព្រមព្រៀងសន្តិភាពសម្របសម្រួលដោយទីក្រុងវ៉ាស៊ីនតោន ជាអ្វីដែលអាចផ្លាស់ប្ដូរផ្លូវថាមពល និងពាណិជ្ជកម្ម នៅក្នុងតំបន់យុទ្ធសាស្ត្រកូកាសភាគខាងត្បូង (South Caucasus)។
ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់លោកទៅកាន់អាមេនី ដែលចាប់ផ្តើមនៅល្ងាចថ្ងៃចន្ទ (ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បានកើតឡើងត្រឹមតែ ៦ខែប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំអាមេនី និងអាស៊ែបៃហ្សង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ នៅឯសេតវិមាន ដែលត្រូវបានគេមើលឃើញថា ជាជំហានដំបូងឆ្ពោះទៅរកសន្តិភាព បន្ទាប់ពីមានសង្គ្រាមជិត ៤០ឆ្នាំ។
លោក Vance ដែលជាអនុប្រធានាធិបតីអាមេរិកដំបូងគេទៅបំពេញទស្សនកិច្ច នៅអាមេនី កំពុងស្វែងរកការជំរុញដល់ផ្លូវរបស់ Trump សម្រាប់សន្តិភាព និងវិបុលភាពអន្តរជាតិ (TRIPP) ជាច្រករបៀងដែលត្រូវបានស្នើឡើងប្រវែង ៤៣គីឡូម៉ែត្រ ដែលនឹងរត់ឆ្លងកាត់ភាគខាងត្បូងអាមេនី និងផ្តល់ឲ្យអាស៊ែបៃហ្សង់នូវផ្លូវផ្ទាល់មួយទៅកាន់តំបន់ Nakhchivan របស់ខ្លួន និងបន្តទៅកាន់ប្រទេសទួរគី ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ទីក្រុងបាគូ។
រដ្ឋាភិបាលអាមេនីបានឲ្យដឹងនៅថ្ងៃចន្ទនេះថា លោក Vance នឹងបើកការពិភាក្សាជាមួយនាយករដ្ឋមន្ត្រី លោក Nikol Pashinyan ហើយថា ពួកលោកនឹងធ្វើសេចក្តីថ្លែងការណ៍ ដោយមិនបានពន្យល់លម្អិតបន្ថែមឡើយ។ ចំណែកសេតវិមានបានបញ្ជាក់ថា លោក Vance នឹងទៅទស្សនកិច្ចប្រទេសអាស៊ែបៃហ្សង់ នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍៕