រដ្ឋាភិបាលម៉ិកស៊ិកនិយាយថា នាវា ២គ្រឿងដឹកគ្រឿងផ្គត់ផ្គង់ស្បៀងអាហារទម្ងន់ជាង ៨០០តោន ត្រូវបញ្ជូនទៅកាន់ប្រទេសគុយកាលពីថ្ងៃអាទិត្យ ស្របពេលភាពតានតឹងរវាងប្រទេសនៅអាមេរិកឡាទីនមួយនេះ និងសហរដ្ឋអាមេរិក ដែលគំរាមកំហែងដល់ការដំឡើងពន្ធលើប្រទេសណាមួយដែលផ្តត់ផ្គង់ប្រេងឆៅដល់ប្រទេសកោះនៅតំបន់ការ៉ាអ៊ីបមួយនេះ ។
នាវា Holbox និងនាវា Papaloapan បានចាកចេញពីកំពង់ផែ Veracruz ស្ថិតក្នុងតំបន់ឆ្នេរឈូងសមុទ្ររបស់ម៉ិកស៊ិក ជាមួយនឹងជំនួយទម្ងន់ ៨១៤តោន រួមមានទឹកដោះគោ ផលិតផលសាច់ នំ សណ្តែកសៀង អង្ករ ត្រី ប្រេងឆា ក៏ដូចជារបស់របរអនាម័យជាច្រើនទៀត ។
កាលពីសប្តាហ៍មុន ក្រុមមន្រ្តីម៉ិកស៊ិក និយាយថា ពួកគេនឹងជួយបញ្ជូនប្រេងទៅកាន់គុយបា ដើម្បីជួយឈានដល់តម្រូវការមូលដ្ឋាននៅប្រទេសកោះមួយនេះ ដូចជាអគ្គិសនី និងការដឹកជញ្ជូន ដោយមិនផ្ចាញ់ផ្ចាលជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ ។
មន្ត្រីម៉ិកស៊ិកកំពុងថ្លឹងថ្លែង អំពីថា តើត្រូវបញ្ជូនប្រេងឥន្ធនៈទៅកាន់ប្រទេសគុយបាយ៉ាងដូចម្ដេច ដើម្បីជួយបំពេញតម្រូវការមូលដ្ឋាន ដូចជាអគ្គិសនី និងការដឹកជញ្ជូនជាដើម ហើយការធ្វើបែបនោះនឹងមិនបង្កមានការសងសឹកពីទីក្រុងវ៉ាស៊ីនតោន ដែលបានគំរាមដំឡើងពន្ធលើបណ្ដាប្រទេសដែលផ្គត់ផ្គង់ប្រេងឥន្ធនៈដល់ប្រទេសកោះការ៉ាអ៊ីប។ នេះបើយោងតាមប្រភពចំនួន ៤ ដែលដឹងពីបញ្ហានេះ ៕