អាជ្ញាធរអន្តោប្រវេសន៍កូឡុំប៊ី បានទទួលយកមេដឹកនាំអង្គការឧក្រិដ្ឋកម្មដែលរងការចោទប្រកាន់ថា បានសម្លាប់កូនស្រីអាយុ ៤ឆ្នាំរបស់ខ្លួន ក្រោយរូបលោកត្រូវបានធ្វើបត្យាប័នពីប្រទេសឈីលី ។
អាជ្ញាធរអន្តោប្រវេសន៍កូឡុំប៊ី និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Jhon Camilo Florez Moreno ស្ថិតក្នុងបញ្ជីខ្មៅរបស់នគរបាលអន្តរជាតិសម្រាប់ការចោទប្រកាន់ពីឃាតកម្ម ការបាត់ខ្លួនដោយបង្ខំ និងការជម្រិតទារប្រាក់ ដែលស្ថិតក្នុងចំណោមករណីជាច្រើនទៀត ។
លោក Gloria Arriero គឺជាអគ្គនាយកអាជ្ញាធអន្តោប្រវេសន៍កូឡុំប៊ីនិយាយថា លោក Florez Moreno គឺជាមនុស្សម្នាក់ត្រូវការដោយប្រព័ន្ធយុត្តិធម៌កូឡុំប៊ី សម្រាប់ការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មធ្ងន់ធ្ងរជាច្រើន ដែលបានកើតឡើងនៅទីក្រុង Buenaventura ។
លោកបន្តថា លោក Florez Moreno ត្រូវបានគេស៊ើបអង្កេតពីបទឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងឃាតកម្មលើកូនស្រីអាយុ ៤ឆ្នាំរបស់លោក និងករណីឧក្រិដ្ឋកម្មជាច្រើនផ្សេងទៀត ។
លោក Florez ត្រូវបានគេបញ្ជាក់ថា ជាមេដឹកនាំក្រុមឧក្រិដ្ឋកម្ម Los Shottas ហើយស្ថិតក្នុងបញ្ជីចង់បានបំផុតរបស់ទីក្រុង Buenaventura ។ រដ្ឋាភិបាលកូឡុំប៊ី ផ្តល់ប្រាក់រង្វាន់ ២០០លានប៉េសូ សម្រាប់ដំណឹងឈានទៅរកការចាប់ខ្លួនរូបលោក ។
ប្រតិបត្តិការចាប់ខ្លួន ត្រូវបានធ្វើឡើងដោយមានការសម្របសម្រួលជាមួយនគរបាលស៊ើបអង្កេតឈីលី និងនគរបាលអន្តរជាតិ Interpol ៕