រដ្ឋមន្រ្តីការបរទេសអេត្យូពី បានចោទប្រកាន់ប្រទេសជិតខាងអេរីត្រេថាបានបំពានដោយយោធា និងបានគាំទ្រក្រុមប្រដាប់អាវុធនៅក្នុងទឹកដីអេត្យូពី ស្របពេលភាពតានតឹងកើនឡើងរវាងប្រទេសជិតខាងទាំង ២ ។
ប្រទេសបច្ចាមិត្តទាំង ២ បានជាប់ផុងក្នុងសង្រ្គាមចន្លោះឆ្នាំ ១៩៩៨ និងឆ្នាំ ២០០០ ប៉ុន្តែពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកាលពីឆ្នាំ ២០១៨ ហើយនិងក្លាយជាប្រទេសសម្ព័ន្ធមិត្តវិញអំឡុងសង្រ្គាមរយៈពេល ២ឆ្នាំរបស់អេត្យូពីប្រឆាំងនឹងអាជ្ញាធរនៅតំបន់ភាគខាងជើងទីក្រេ ។
ប៉ុន្តែអេរីត្រេពុំមែនជាភាគីនៃកិច្ចព្រមព្រៀងឆ្នាំ ២០២២នោះទេដែលបានបញ្ចប់ជម្លោះនៅតំបន់ទីក្រេ ហើយទំនាក់ទំនងរវាងប្រទេសទាំង ២ បានធ្លាក់ទៅក្នុងភាពចលាចល ចាប់តាំងពីពេលនោះមក ។
ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ ទីក្រុង Addis Ababa បានចោទប្រកាន់អេរីត្រេថាបានគាំទ្រក្រុមឧទ្ធាមនៅលើទឹកដីអេត្យូពី គឺជាការចោទប្រកាន់មួយដែលទីក្រុង Asmara បានទាត់ចោល ។
កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ រដ្ឋមន្រ្តីការបរទេសអេត្យូពីលោក Gedion Timothewos បាននិយាយប្រាប់សមភាគីអេរីត្រេលោក Osman Saleh Mohammed ថា កងកម្លាំងអេរីត្រេ បានកាន់កាប់ទឹកដីអេត្យូពី នៅតាមតំបន់ព្រំដែន ៕