អារ៉ាប៊ីសាអ៊ូឌីត បានបញ្ជាក់ជាថ្មីម្តងទៀតពីការគាំទ្ររបស់ខ្លួនចំពោះឯកភាពជាតិ និងបូរណភាពទឹកដីរបស់ស៊ូដង់ ដោយពួកគេបរិហារការវាយប្រហារឧក្រិដ្ឋកម្មរបស់កម្លាំងគាំទ្ររហ័ស(RSF) នៅរដ្ឋ North Kordofan និងរដ្ឋ South Kordofan ដែលបានសម្លាប់មនុស្សរាប់សិបនាក់ រួមទាំងស្រ្តី និងកុមារផងដែរ ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានបញ្ចេញកាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍មុន ក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីត បានថ្កោលទោសការជ្រៀតជ្រែកបរទេសពីភាគីមួយចំនួននៅស៊ូដង់ រួមទាំងលំហូរនៃអាវុធខុសច្បាប់ ទាហានស៊ីឈ្នូល និងយុទ្ធជនបរទេស សម្រាប់ការបន្តសង្រ្គាមរយៈពេលជិត ៣ឆ្នាំមួយនេះ ។
ពួកគេបានធ្វើការសង្កត់ធ្ងន់ថា គោលដៅមកលើក្បួនរថយន្តជួយសង្រ្គោះ និងក្បួនរថយន្តមនុស្សធម៌ បានបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងធ្វើឲ្យអន្តរាយដល់កិច្ចខិតខំចែកចាយជំនួយមនុស្សធម៌ដល់មនុស្សត្រូវការ ។
ការថ្កោលទោសនេះ បានកើតមានឡើង ក្រោយបណ្តាញគ្រូពេទ្យស៊ូដង់ដែលជាក្រុមមនុស្សធម៌ និយាយថា ការវាយប្រហារយានដ្រូនរបស់កងកម្លាំង RSFលើរថយន្តដឹកគ្រួសារជម្លៀសខ្លួននៅរដ្ឋ North Kordofan បានសម្លាប់មនុស្សយ៉ាងហោច ២៤នាក់ រួមទាំងកុមារ ៨នាក់ផងដែរ ។
ការវាយប្រហារនេះ បានកើតមានឡើង បន្ទាប់ពីការវាយឆ្មក់យានដ្រូនលើក្បួនរថយន្តមនុស្សធម៌ និងរថយន្តដឹកប្រេងនៅទូទាំងរដ្ឋ North Kordofan រួមទាំងការវាយប្រហារលើក្បួនរថយន្តកម្មវិធីស្បៀងអាហារពិភពលោក កាលពីថ្ងៃសុក្រ ដែលបានសម្លាប់មនុស្សម្នាក់ ៕