សូម្បីតែអំឡុងរដូវរងាដ៏ត្រជាក់ខ្លាំង ភ្ញៀវនៅសួនសត្វដ៏ល្បីល្បាញ Pairi Daiza របស់បែលហ្ស៊ិកបច្ចុប្បន្នអាចឈានជើងចូលតំបន់ត្រូពិកបាន ។
រយៈពេល ៥ឆ្នាំនៃការសាងសង់ សួនសត្វនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់នៅ Edenya ដែលជាសួនផ្ទះកញ្ចក់ត្រូពិកធំបំផុតរបស់ពិភពលោក មានទំហំស្មើនឹងទីលានបាល់ទាត់ចំនួន ៦ ។
ផ្ទះកញ្ចក់ដែលបានដាក់ឲ្យដំណើរកាលក្នុងខែនេះ បានតភ្ជាប់បរិស្ថានត្រូពិកជាច្រើនបែប ចាប់ពីព្រៃត្រូពិក ទន្លេ រហូតដល់ ឆ្នេរសមុទ្រ និងចំណោតថ្ម នៅក្នុងប្រព័ន្ធអេកូឡូស៊ីតែមួយ ។
ដោយចំណាយថវិកា ២៣០លានដុល្លារ ក្នុងការសាងសង់វាឡើង សួនផ្ទុះកញ្ចក់ត្រូពិក Edenya នឹងផ្តល់ភ្ញៀវនូវបទពិសោធន៍ព្រៃត្រូពិកដ៏សម្បូរបែប ។
ពពួកសត្វ និងរុក្ខជាតិរាប់រយប្រភេទ ត្រូវបានបង្ហាញនៅក្នុងសួនផ្ទះកញ្ចក់មួយនេះ ក្នុងនោះពពួកសត្វ និងរុក្ខជាតិជាច្រើនប្រភេទទៀត នឹងមកដល់ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ។
នៅក្នុងចំណោមពពួកសត្វទាំងនោះ រួមមានទាំងស្វាប៉េរូ ដែលហក់លោតនៅក្នុងសួនសត្វដែលមានចម្ងាយប្រហែល ១ម៉ឺនគ.មពីជម្រកចាស់របស់ពួកគេ ដែលស្ថិតនៅក្នុងព្រៃជប់ភ្លៀងអាម៉ាហ្សូន ៕