រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃពុធបាននិយាយឡើងវិញ នូវហេតុផលរបស់លោកសម្រាប់ប្រតិបត្តិការពិសេសនៅអ៊ុយក្រែន ដោយដាក់កំហុសលើទីក្រុងគីវចំពោះការបំផ្លាញកិច្ចព្រមព្រៀងទីក្រុង Minsk ប្រទេសបេឡារុស។
លោក Putin បាននិយាយថា អាជ្ញាធរទីក្រុងគីវមិនត្រឹមតែមិនអើពើ និងបំផ្លាញការអនុវត្តន៍កញ្ចប់វិធានការទីក្រុង Minsk សម្រាប់ការដោះស្រាយវិបត្តិដោយសន្តិវិធីប៉ុណ្ណោះទេ ប៉ុន្តែកាលពីចុងឆ្នាំមុន ពួកគេថែមទាំងបដិសេធជាសាធារណៈក្នុងការអនុវត្តកិច្ចព្រមព្រៀង។ លោក Putin និយាយថា ប្រតិបត្តិការយោធានៅអ៊ុយក្រែនកំពុងធ្វើឡើងដោយជោគជ័យ ស្របតាមផែនការដែលបានអនុម័តជាមុន ហើយរាល់កិច្ចការដែលបានកំណត់នឹងត្រូវដោះស្រាយ។
លោក Putin បាននិយាយថា យើងនឹងធានាបាននូវសុវត្ថិភាពប្រទេសរុស្ស៊ី និងប្រជាជនរបស់យើងដោយភាពជឿជាក់ ហើយនឹងមិនអនុញ្ញាតឱ្យអ៊ុយក្រែនធ្វើជាស្ពានឆ្លង សម្រាប់សកម្មភាពឈ្លានពានមកលើប្រទេសរបស់យើងឡើយ។ ជាមួយគ្នានេះលោក Putin បាននិយាយថា គោលដៅមិនមែនជាការកាន់កាប់អ៊ុយក្រែននោះទេ។ លោក Putin បានចាត់ទុកការបង្កកផ្នែក នៃប្រាក់បម្រុងប្តូរប្រាក់បរទេសរបស់ធនាគាររុស្ស៊ីថា ខុសច្បាប់៕
អត្ថបទ៖ ប៊ុនថន