អ្នកនាំពាក្យក្រសួងការបរទេសចិននិយាយនៅថ្ងៃចន្ទនេះថា លោក Jimmy Lai សមទទួលទោសធ្ងន់ធ្ងរពីច្បាប់ បន្ទាប់ពីតុលាការហុងកុងបានកាត់ទោសឲ្យមហាសេដ្ឋីសារព័ត៌មានវ័យ ៧៨ឆ្នាំម្នាក់នេះ ជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ ។
នៅថ្ងៃចន្ទនេះ តុលាការហុងកុងបានកាត់ទោសលោក Lai ឲ្យជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំ ក្រោមបទចោទប្រកាន់ចំនួន ៣ករណី រួមមានការឃុបឃិតគ្នា ២ករណីដែលរួមដៃជាមួយកងកម្លាំងបរទេស និង ១ករណីទៀត ពីបទបោះពុម្ពផ្សាយព័ត៌មានញុះញង់ នៅក្នុងសំណុំរឿងសន្តិសុខជាតិដ៏សំខាន់បំផុតរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ ។
លោក Lin Jian គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ស្ថាប័នតុលាការបានបំពេញភារកិច្ចរបស់ពួកគេ ។
លោកបន្តថា រដ្ឋាភិបាលកណ្តាលចិន គាំទ្រយ៉ាងមុតមាំចំពោះទីក្រុងហុងកុង ក្នុងការការពារសន្តិសុខជាតិរបស់ខ្លួន ដោយអនុលោមតាមច្បាប់ ។
សាលក្រមកំណត់រយៈពេលមានទោសនេះ បានកើតឡើងបន្ទាប់ពីរឿងរ៉ាវផ្លូវច្បាប់ដ៏ចម្រូងចម្រាស់ដែលមានរយៈពេលជិត ៥ឆ្នាំ ។
កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ តុលាការហុងកុង បានចេញសាលក្រមមានទោសចំពោះលោក Lai លើបទចោទប្រកាន់ទាំង ៣ករណីនេះ ។ លោក Lai ដែលជាស្ថាបនិកនៃស្ថាប័នសារព័ត៌មាន Apple Daily ដែលឥឡូវនេះបានបិទសារជីវកម្មទៅហើយនោះ ត្រូវបានចាប់ខ្លួនជាលើកដំបូងនៅក្នុងខែសីហា ឆ្នាំ២០២០ ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Lai ដែលជាពលរដ្ឋអង់គ្លេស បានច្រានចោលរាល់ការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងរូបលោក ដោយរូបលោកនិយាយថា លោកគឺជាអ្នកទោសនយោបាយ ប្រឈមនឹងនឹងការបៀតបៀនពីទីក្រុងប៉េកាំង ៕