ប្រណាំងម៉ូតូ៖ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានស្វាគមន៍ជួបសំណេះសំណាលជាមួយកីឡាករប្រណាំងម៉ូតូពិភពលោកនៅវិមានប្រធានាធិបតី មុនការប្រកួតប្រណាំង MotoGP ជាលើកដំបូងលើទឹកដីឥណ្ឌូនេស៊ីក្នុងរយៈពេល ២៥ឆ្នាំ។

បន្ទាប់ពីជួបសំណេះសំណាលរួចលោក Joko Widodo ដែលជាមនុស្សចូលចិត្តម៉ូតូដែរនោះ ក៏បានជិះម៉ូតូមួយគ្រឿងដែរតែមិនមែនម៉ូតូប្រណាំងឡើយ អមដោយស្នាមញញឹមរបស់កីឡាករលំដាប់ពិភពលោកដូចជា Marc Marquez ជាដើម។ សំបុត្រចូលរួមទស្សនាផ្ទាល់សំរាប់ការប្រកួតថ្ងៃអាទិត្យនេះ ត្រូវបានលក់ចេញអស់គ្មានសល់ឡើយនៅទីលានប្រណាំងយានយន្ត Mandalika នៅលើកោះ Lombok ដែលនៅភាគខាងកើតកោះបាលី។ យ៉ាងណាក្តីទីលានប្រណាំងមួយនេះក៏រងការរិះគន់មួយចំនួនដែរ ពីផលប៉ះពាល់ទៅលើប្រជាជនរស់នៅក្បែរនោះ មួយចំនួនត្រូវផ្លាស់ប្តូរទីលំនៅ និងមួយចំនួនដែលមិនផ្លាស់ប្តូរទីលំនៅបានរអ៊ូរទាំពីបញ្ហាបរិស្ថាន។

ជាមួយគ្នានោះដែរនៅពេលជិះសាកល្បងកាលពីខែមុន កីឡាករមួយចំនួនក៏បានរិះគន់ពីទីលាននេះដែរដោយថា ផ្លូវមានកន្លែងខ្លះបែកក្រហែង ដែលអាចប៉ះពាល់ដល់សុវត្ថិភាពរបស់កីឡាករអំឡុងពេលប្រណាំង។ យ៉ាងណាក្តីអ្នករៀបចំបានទទួលដឹងបញ្ហាទាំងនេះ និងដោះស្រាយរួចរាល់ទាន់ពេលវេលាផងដែរមុនការប្រកួតចុងសប្តាហ៍នេះ។ សូមបញ្ជាក់ថា MotoGP ចាប់ផ្តើមរដូវកាល ២០២២ បានមួយទីលានហើយកាលពីថ្ងៃទី៦ ខែមីនានេះនៅប្រទេសកាតាដែលឈ្នះដោយកីឡាករអ៊ីតាលី Enea Bastianini៕
អត្ថបទ៖នាង សុភាវុធ