តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិក នៅរដ្ឋ California កាលពីថ្ងៃចន្ទ (៩ កុម្ភៈ) បានលុបចោលជាបណ្តោះអាសន្ននូវដីកាមួយរបស់ចៅក្រមសហព័ន្ធ ដែលបានរារាំងរដ្ឋបាលលោកប្រធានាធាធិបតី Donald Trump មិនឱ្យបញ្ចប់សិទ្ធទទួលបានការការពារការផ្នែកនិរទេស សម្រាប់ជនអន្តោប្រវេសន៍ជិត ៨៩.០០០នាក់ មកពីប្រទេសហុងឌុយរ៉ាស នេប៉ាល់ និងនីការ៉ាហ្គា។

តុលាការឧទ្ធរណ៍នោះបាននិយាយថា រដ្ឋាភិបាលទំនងជាអាចបញ្ជាក់ថា មានហេតុផល «ស្របច្បាប់» ដើម្បីបញ្ចប់ស្ថានភាពការពារបណ្តោះអាសន្ន ដែលហៅកាត់ថា សិទ្ធិ TPS សម្រាប់ជនអន្តោប្រវេសន៍មកពីប្រទេសទាំងនោះ ហើយបានផ្អាកសេចក្ដីសម្រេចរបស់ចៅក្រមសហព័ន្ធរដ្ឋ California ដែលប្រឆាំងនឹងរដ្ឋបាលសម្រាប់រយៈពេលនៃការប្តឹងឧទ្ធរណ៍។ សេចក្ដីសម្រេចចុងក្រោយបំផុតនេះ នឹងអនុញ្ញាតឱ្យរដ្ឋបាល បន្តបញ្ចប់សិទ្ធិការពារផ្នែកនិរទេសលើជនអន្តោប្រវេសន៍ទាំងនោះ។

លោកស្រី Kristi Noem រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិអាមេរិក បាននិយាយលើបណ្ដាញសង្គម X ដើម្បីជាការឆ្លើយតបទៅនឹងសេចក្ដីសម្រេចនេះថា៖ «សិទ្ធិការពារបណ្ដោះអាសន្ន TPS មិនដែលរៀបចំឡើងដើម្បីផ្ដល់លក្ខណៈអចិន្ត្រៃយ៍ស្រាប់ទៅហើយ ប៉ុន្តែរដ្ឋបាលមុនៗ បានប្រើសិទ្ធនេះជាកម្មវិធីលើកលែងជាក់ស្តែងអស់ជាច្រើនទសវត្សរ៍មកហើយ»។ លោកស្រីបន្តថា ដោយសារស្ថានភាពប្រសើរឡើងក្នុងប្រទេសនីមួយៗទាំងនោះ រដ្ឋបាលកំពុងសន្និដ្ឋានប្រកបដោយភាពឈ្លាសវៃលើចំណាត់ការនេះ។

គួរដឹងថា សិទ្ធការពារ TPS ផ្តល់ភាពធូរស្រាលផ្នែកការនិរទេសនិងផ្តល់លិខិតអនុញ្ញាតធ្វើការ ដល់ប្រជាជនដែលស្ថិតនៅក្នុងសហរដ្ឋអាមេរិករួចហើយ ប្រសិនបើប្រទេសកំណើតរបស់ពួកគេជួបប្រទះនឹងគ្រោះមហន្តរាយធម្មជាតិ ជម្លោះប្រដាប់អាវុធ ឬព្រឹត្តិការណ៍មិនធម្មតាផ្សេងទៀត។ លោក Trump បានព្យាយាមបញ្ចប់ការចុះឈ្មោះ TPS ភាគច្រើន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយក្នុងការរឹតបន្តឹងអន្តោប្រវេសន៍៕