មន្ត្រីសេតវិមានមួយរូបបាននិយាយកាលពីថ្ងៃចន្ទទី៩កុម្ភៈសប្ដាហ៍នេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ប្រឆាំងនឹងការបញ្ចូលជាឧបសម្ព័ន្ធសម្រាប់តំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល។

ការអត្ថាធិប្បាយពីសេតវិមាននេះកើតឡើងស្របពេលមានការខឹងសម្បារពីអន្តរជាតិ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស្តាំនិយមរបស់អ៊ីស្រាអែល លោក Bezalel Smotrich និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Israel Katz បានប្រកាសពីវិធានការថ្មីៗកាលពីថ្ងៃអាទិត្យ ដោយពង្រីកការគ្រប់គ្រងរបស់អ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីនដែលខ្លួនកាន់កាប់។
វិធានការទាំងនេះក៏បង្កភាពងាយស្រួលកាន់តែខ្លាំងផងដែរ សម្រាប់ជនជាតិអ៊ីស្រាអែលក្នុងការទទួលបានដីសម្រាប់ការតាំងទីលំនៅថ្មី ដែលជាការខុសច្បាប់ក្រោមច្បាប់អន្តរជាតិ។

ប្រទេសចំនួនប្រាំបីដែលមានប្រជាជនភាគច្រើនជាមូស្លីម គឺអេហ្ស៊ីប ឥណ្ឌូនេស៊ី ហ្ស៊កដានី ប៉ាគីស្ថាន កាតា អារ៉ាប៊ីសាអ៊ូឌីត ទួរគី និងអារ៉ាប់រួម បានថ្កោលទោសទង្វើរបស់អ៊ីស្រាអែលក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដោយនិយាយថា “ការសម្រេចចិត្ត និងវិធានការខុសច្បាប់របស់អ៊ីស្រាអែល” គឺ “មានគោលបំណងដាក់អធិបតេយ្យភាពអ៊ីស្រាអែលខុសច្បាប់” លើទឹកដីប៉ាឡេស្ទីន។

យោងតាមលោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ចក្រភពអង់គ្លេស និងអេស្ប៉ាញ ក៏បានចូលរួមថ្កោលទោសកាន់តែខ្លាំងផងដែរ ដោយប្រមុខអង្គការសហប្រជាជាតិបាននិយាយថា សកម្មភាពរបស់អ៊ីស្រាអែលកំពុង បង្កអស្ថិរភាព និងបំផ្លាញទស្សនវិស័យសម្រាប់ដំណោះស្រាយរដ្ឋពីរ៕