
ភ្នំពេញ៖ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាមូលដ្ឋានដ៏សំខាន់ដែលឈានដល់ការបើកដំណើរការសង្គម សេដ្ឋកិច្ចឡើងវិញនិយាយជារួម និងជាពិសេសការបើកដំណើរការវិស័យអប់រំ ឱ្យសិស្សនិស្សិតអាចចូលរៀនក្នុងថ្នាក់ជាថ្មី។ នេះជាការលើកឡើងរបស់ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។
ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃនេះបានលើកឡើងថាព្រោះតែលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅទូទាំងប្រទេសបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្តគ្រប់ៗគ្នា ទើបរាជរដ្ឋាភិបាលហ៊ានសម្រេចបើកសាលារៀនឡើងវិញ។ ផ្អែកតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត គឺលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សភាគច្រើនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងហោចណាស់ក្នុងម្នាក់បីដូសរួចរាល់។
ក្រសួងអប់រំ សូមកោតសរសើរ និងថ្លែងអំណរគុណ ចំពោះលោកគ្រូ អ្នកគ្រូ សិស្ស-និស្សិត និងមាតាបិតាដែលបានទៅ ទទួលយកការចាក់វ៉ាក់សាំង ដោយស្ម័គ្រចិត្តដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ស្មារតីបែបនេះ ជាការការពារអាយុជីវិតខ្លួនឯង និង អ្នកដទៃ ពិសេសរវាងគ្រូ និងសិស្ស ដែលត្រូវប្រាស្រ័យទាក់ទងគ្នា។ ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡាសូមជំរុញឱ្យបុគ្គលិកអប់រំ អ្នកសិក្សាមាតាបិតា គ្រប់ភាគីពាក់ព័ន្ធ រួមទាំងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសបន្តចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ស្របតាមវិធានសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីនិរន្តរភាពនៃការបើកដំណើរការសង្គម-សេដ្ឋកិច្ចតាមគន្លងប្រក្រតីភាពថ្មី៕ អត្ថបទ៖ គឹម ហុក