នៅដងផ្លូវនានាក្នុងទីក្រុងឡាហាវ៉ាន មានភាពស្ងប់ស្ងាត់គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ខណៈវិធានការបន្ទាន់បានចាប់ផ្តើមដើម្បីរក្សាការស្តុកទុកប្រេងឥន្ធនៈដែលកំពុងថយចុះយ៉ាងឆាប់រហ័សរបស់ប្រទេសគុយបា ក្រោមសម្ពាធសេដ្ឋកិច្ចពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump។ ដោយសារការផ្គត់ផ្គង់ប្រេងស្ថិតនៅក្នុងការគ្រប់គ្រងតឹងរ៉ឹងរបស់សហរដ្ឋអាមេរិក រដ្ឋាភិបាលកុម្មុយនិស្តបានបិទសាកលវិទ្យាល័យ កាត់បន្ថយម៉ោងសិក្សា សប្តាហ៍នៃការធ្វើការងារ និងកាត់បន្ថយការដឹកជញ្ជូនសាធារណៈ ខណៈប្រទេសនេះបានកំណត់ការលក់ប្រេងឥន្ធនៈ។ ប្រជាជនគុយបាមួយចំនួន បាននិយាយថា ពួកគេមានការព្រួយបារម្ភ។ គិលានុបដ្ឋាយិកា Rosa Ramos អាយុ៣៧ឆ្នាំបាននិយាយថា ប្រជាជនមានចម្ងល់ថាតើប្រទេសមួយនេះអាចរស់នៅបានយូរប៉ុណ្ណាក្រោមលក្ខខណ្ឌបែបនេះ» ខណៈវិធានការសន្សំសំចៃប្រេងឥន្ធនៈកំពុងបង្កើតឡើង និងភាពមិនប្រាកដប្រជាជាច្រើន។

កោះដែលមានប្រជាជនចំនួន ៩,៦ លាននាក់មួយនេះ ក្រោមបម្រាមពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ១៩៦២មក រយៈពេលជាច្រើនឆ្នាំមកនេះ បានជាប់គាំងនៅក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដែលត្រូវបានគេមើលឃើញការដាច់ចរន្តអគ្គិសនីរយៈពេលយូរ និងកង្វះប្រេងឥន្ធនៈ ថ្នាំពេទ្យ និងអាហារ។

បច្ចុប្បន្ន ប្រទេសគុយបា ក៏ត្រូវបានកាត់ផ្តាច់ពីការផ្គត់ផ្គង់ប្រេងសំខាន់ៗពីប្រទេសវ៉េណេស៊ុយអេឡា ដែលមេដឹកនាំរបស់ប្រទេសលោក Nicolas Maduro ត្រូវបានផ្តួលរំលំនៅក្នុងការឆ្មក់វាយប្រហារដោយយោធារបស់សហរដ្ឋអាមេរិកកាលពីខែមុន។
លោក Trump បានគំរាមដាក់បន្ថែមពន្ធលើប្រទេសណាមួយដែលផ្គត់ផ្គង់ប្រេងដល់ប្រទេសកោះមួយនេះ ដែលលោកបាននិយាយថា «ត្រៀមខ្លួនរួចជាស្រេចដើម្បីដួលរលំ»។