ក្រុមហ៊ុនអាកាសចរណ៍ Air Canada បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងផ្អាកជើងហោះហើរទៅកាន់ប្រទេសគុយបា បន្ទាប់ពីកោះមួយនេះបានព្រមានថា ខ្លួនកំពុងអស់ប្រេងយន្តហោះ។ ការព្រមាន ធ្វើឡើង ខណៈសហរដ្ឋអាមេរិកកំពុងរឹតបន្តឹងការគ្រប់គ្រងលើការផ្គត់ផ្គង់ប្រេងរបស់ប្រទេសកុម្មុយនិស្តមួយនេះ។ ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់ប្រទេសកាណាដា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រេងយន្តហោះមិនត្រូវបានគេគិតថានឹងមានលក់នៅតាមអាកាសយានដ្ឋានទេ នៅថ្ងៃអង្គារនេះ។

យោងតាមសេចក្តីជូនដំណឹងដល់បេសកកម្មអាកាសចរណ៍ដែលបានចេញផ្សាយបានឲ្យដឹងថា កង្វះប្រេងត្រូវបានកំណត់ថានឹងមានរយៈពេលចាប់ពីថ្ងៃទី១០ខែកុម្ភៈ ដល់ថ្ងៃទី១១ ខែមីនា។ សាជីវកម្មអាកាសចរណ៍គុយបា បានចេញផ្សាយសេចក្តីថ្លែងការណ៍ខ្លីមួយកាលពីព្រឹកថ្ងៃចន្ទ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីសេចក្តីជូនដំណឹងត្រូវបានចេញ ប៉ុន្តែពុំបានលើកឡើងអំពីការកង្វះប្រេងឥន្ធនៈ ឬការលុបចោលជើងហោះហើរនោះទេ។

ការធ្វើដំណើរតាមផ្លូវអាកាសទំនងជានៅមានធម្មតានៅអាកាសយានដ្ឋានអន្តរជាតិ Jose Marti ទីក្រុងឡាហាវ៉ាន នេះបើយោងតាមសាក្សីរបស់សារព័ត៌មាន Reuters។ ប៉ុន្តែអ្នកដំណើរមួយចំនួនបានអំពាវនាវឱ្យមានវិធានការបន្ទាន់ដើម្បីបញ្ចៀសការលុបចោលជើងហោះហើរ។
កង្វះប្រេងឥន្ធនៈពុំមែនជារឿងថ្មីសម្រាប់ប្រទេសគុយបាទេដែលមានបញ្ហាក្នុងការផ្គត់ផ្គង់ជាយូរមកហើយ ហើយក្រុមហ៊ុនអាកាសចរណ៍ជាច្រើនមានផែនការរួចហើយដើម្បីដោះស្រាយ។
វិបត្តិស្រដៀងគ្នានេះបានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ជាច្រើនចាក់ប្រេងនៅក្នុងប្រទេសទីបីនៅក្បែរនោះ រួមមានប្រទេសប៉ាណាម៉ា បាហាម៉ាស សាធារណរដ្ឋដូមីនីក និងសហរដ្ឋអាមេរិក។ ប្រទេសគុយបា ធ្លាប់ពឹងផ្អែកលើប្រទេសវ៉េណេស៊ុយអេឡាដើម្បីផ្គត់ផ្គង់ប្រេងយន្តហោះភាគច្រើនរបស់ខ្លួន។