សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបន្តលើកទឹកចិត្ត និងណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តអនុវត្តនូវ គន្លងតម្រង់ទិសដល់សិស្សតាំងពីថ្នាក់ទី៩ ទី១០ឡើងទៅ ។
នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ នេះ ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ កាលពីខែ កក្កដា និងសីហា ឆ្នាំ២០២៥នោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រិ បានបញ្ជាក់ថា ក្នុងបរិបទ បដិវត្តកម្មឌីជី ថល ត្រូវបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានការអភិវឌ្ឍប្រកបដោយគុណភាព ចាប់ពីការអប់រំកុមារ តូច និងត្រូវបន្តនូវគន្លងតម្រង់ទិសវិជ្ជាជីវៈដល់សិស្សានុសិស្សតាំងពីថ្នាក់ទី៩ ឬទី១០ឡើងទៅ កុំចាំដល់ចប់បាក់ឌុប។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ បាននឹងកំពុងអនុវត្តការអប់រំ ទាំងចំណេះដឹងទូទៅ និងការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជន ដែលជាមធ្យោបាយបត់បែន ស្វែងរកចំណេះ និងជំនាញ ដើម្បីងាយស្រួលក្នុងការស្វែងរក ការងារធ្វើ៕ អត្ថបទ៖ មុត សុទ្ធ











