មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei កាលពីថ្ងៃចន្ទ បានជំរុញឲ្យប្រជាជនអ៊ីរ៉ង់បង្ហាញឯកភាព និង «ធ្វើឲ្យសត្រូវខកចិត្ត» មុនខួបលើកទី ៤៧ នៃបដិវត្តន៍ឥស្លាមឆ្នាំ ១៩៧៩ ស្របពេលមានភាពតានតឹងកើនឡើងជាមួយសហរដ្ឋអាមេរិក។

នៅក្នុងការថ្លែងសុន្ទរកថាតាមទូរទស្សន៍ លោក Khamenei បាននិយាយថា អំណាចជាតិពឹងផ្អែកកាន់តែច្រើនលើ «ការតាំងចិត្ត និងការតស៊ូ» ជាជាងគ្រឿងយុទ្ធោបករណ៍ដូចជាមីស៊ីល និងយន្តហោះជាដើម។ ការអត្ថាធិប្បាយរបស់លោក បានកើតឡើង នៅពេលដែលអ៊ីរ៉ង់រៀបចំសម្រាប់ការជួបជុំទូទាំងប្រទេស នៅថ្ងៃពុធ ដើម្បីអបអរសាទរជ័យជម្នះរបស់បដិវត្តន៍ឥស្លាមនេះ។

លោក Khamenei បានលើកឡើងថា៖«ដរាបណាសត្រូវនៅតែជឿថា ពួកគេនៅតែអាចទទួលបានជោគជ័យក្នុងគោលដៅក្នុងការបង្កខូចខាត និងការភ័យខ្លាចនោះ ប្រទេសមួយត្រូវប្រឈមនឹងការ រងទុក្ខបុកម្នេញឥតឈប់ឈរទេ។
លោកបានពិពណ៌នាអំពីការដង្ហែក្បួនប្រចាំឆ្នាំថា ជាការបង្ហាញសេចក្តីថ្លៃថ្នូរ ដែលបង្ខំឲ្យមហាអំណាចបរទេស «ដកថយ»ពីមហិច្ឆតានៃការជ្រៀតជ្រែកក្នុងកិច្ចការរបស់ប្រទេសអ៊ីរ៉ង់។
សុន្ទរកថានេះ ធ្វើឡើង បន្ទាប់ពីរយៈពេលនៃការកើនឡើងភាពតានតឹងជាមួយសហរដ្ឋអាមេរិក ដែលជំរុញដោយការបង្កើនកម្លាំងយោធារបស់ទីក្រុងវ៉ាស៊ីនតោន នៅមជ្ឈិមបូព៌ា និងការគំរាមកំហែងជាបន្តបន្ទាប់ប្រឆាំងនឹងទីក្រុងតេអេរ៉ង់។ បើទោះបីជាមានការចរចានុយក្លេអ៊ែរដោយប្រយោលរវាងគណៈប្រតិភូអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនៅទីក្រុង Muscat ប្រទេសអូម៉ង់ កាលពីថ្ងៃសុក្រក៏ដោយ ក៏នៅតែមានភាពខ្វែងគំនិតគ្នាសំខាន់ៗ ដែលធ្វើឲ្យទស្សនវិស័យនៃកិច្ចព្រមព្រៀងមួយមិនច្បាស់លាស់៕