យោធាបាននិយាយកាលពីថ្ងៃចន្ទថា ក្រុមឧទ្ទាមដែលគាំទ្រដោយក្រុមភេរវករដេស (Daesh) បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់ នៅក្នុងការវាយប្រហារមួយកាលពីចុងសប្តាហ៍ទៅលើភូមិមួយ នៅភាគខាងកើតប្រទេសកុងហ្គោ។

រដ្ឋបាលយោធា លោកវរសេនីយ៍ឯក Alain Kiwewa Mitela បានប្រាប់សារព័ត៌មាន AP តាមទូរស័ព្ទថា ការវាយប្រហារដោយកងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្ត (ADF) បានកើតឡើង កាលពីព្រឹកថ្ងៃសៅរ៍ នៅក្នុងភូមិ Mambimbi-Isigo ក្នុងទឹកដី Lubero នៃខេត្ត Kivu ខាងជើង។ ពុំមានការអត្ថាធិប្បាយភ្លាមៗពី ADF ទេ។
លោក Mitela បាននិយាយថា ការវាយប្រហារនេះ បានបណ្តាលឲ្យប្រជាជនយ៉ាងច្រើនផ្លាស់ទីលំនៅ ដោយធ្វើឲ្យស្ថានភាពមនុស្សធម៌ដ៏អាក្រក់រួចទៅហើយកាន់តែធ្ងន់ធ្ងរឡើង។

យោងតាមសកម្មជនសង្គមស៊ីវិលនៅក្នុងតំបន់នោះ ក្រុមឧទ្ទាមបានវាយឆ្មក់លើដីស្រែចម្ការរបស់កសិករជាច្រើនកន្លែង មុនពេលវាយប្រហារជនស៊ីវិលដោយកាំបិត និងអាវុធ។
លោក Kinos Kitwa ប្រធានក្រុមសង្គមស៊ីវិលនៅក្នុងតំបន់ Bapere បាននិយាយថា៖«ចំនួនអ្នកស្លាប់នេះគឺគ្រាន់តែជាចំនួនបណ្តោះអាសន្នប៉ុណ្ណោះ ពីព្រោះជនស៊ីវិលជាច្រើនទៀត បានបាត់ខ្លួន»។ លោកបាន រិះគន់ថា មានកងទ័ពកុងហ្គោតិចតួចនៅក្នុងតំបន់នោះ។
ក្រុមប្រដាប់អាវុធ រួមមានកងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្ត (ADF) និងក្រុមឧទ្ទាម M23 ដែលគាំទ្រដោយប្រទេសរ្វ៉ាន់ដា បានធ្វើការវាយប្រហារដ៏សាហាវជាច្រើននៅភាគខាងកើតប្រទេសកុងហ្គោ។ ADF ដែលបានប្តេជ្ញាបញ្ជាក់ពីភក្ដីភាពចំពោះក្រុម Daesh ក្នុងឆ្នាំ ២០១៩ ធ្វើប្រតិបត្តិការតាមបណ្តោយព្រំដែនជាមួយប្រទេសអ៊ូហ្គង់ដា ហើយជារឿយៗកំណត់គោលដៅលើជនស៊ីវិល៕