ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាខ្មូដ អាបាស (Mahmoud Abbas) បានព្រមានអំពីការដាក់បញ្ចូលទឹកដីតំបន់វេសបែង(West Bank)ជារបស់អ៊ីស្រាអែល ក្នុងអំឡុងពេលកិច្ចប្រជុំមួយកាលពីថ្ងៃចន្ទ ជាមួយព្រះមហាក្សត្រ Abdullah ទី២ នៃប្រទេសហ្ស៊កដានី នៅទីក្រុងអាម៉ាន ( Amman)។

លោក អាបាស បានជំរុញឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការទប់ស្កាត់ការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីន និងការបញ្ចូលទឹកដីទឹកដីតំបន់វេសបែងជារបស់អ៊ីស្រាអែល។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Wafa។

លោក អាបាស និងព្រះមហាក្សត្រ Abdullah បានថ្កោលទោសចំពោះការសម្រេចចិត្តថ្មីៗដែលធ្វើឡើងដោយមន្ត្រីអ៊ីស្រាអែល ដែលមានគោលបំណងធ្វើឲ្យការដាក់បញ្ចូលទឹកដីតំបន់វេសបែងកាន់តែជ្រៅឡើង ពង្រីកការតាំងទីលំនៅ និងធ្វើឲ្យប៉ះពាល់ដល់ទីក្រុង Hebron និងវិហារ Ibrahimi។
លោក អាបាស បានព្រមានអំពីហានិភ័យចំពោះសន្តិសុខ និងស្ថិរភាពក្នុងតំបន់ ជាពិសេសការកើនឡើងភាពតានតឹង នៅទីកន្លែងពិសិដ្ឋរបស់សាសនាឥស្លាម និងគ្រិស្តសាសនា នៅក្នុងទីក្រុងហ្ស៊េរុយសាឡឹម អំឡុងខែបុណ្យរ៉ាម៉ាដានខាងមុខនេះ។
លោកបានសង្កត់ធ្ងន់លើតម្រូវការក្នុងការអនុវត្តដំណាក់កាលទី ២ នៃផែនការរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមហ្កាហ្សា ដែលរួមមានការដកទ័ពរបស់អ៊ីស្រាអែលចេញពីតំបន់នោះ និងបានបញ្ជាក់ពីឯកភាពនៃទឹកដីប៉ាឡេស្ទីន រួមទាំងហ្កាហ្សា តំបន់វេសបែង និងទីក្រុងហ្ស៊េរុយសាឡឹមខាងកើត។
ព្រះមហាក្សត្រ Abdullah បានបញ្ជាក់ពីការគាំទ្ររបស់ហ្ស៊កដានីចំពោះសិទ្ធិរបស់ប៉ាឡេស្ទីន រួមទាំងការបង្កើតរដ្ឋឯករាជ្យមួយ៕