កំពង់ធំ៖ ប្រព័ន្ធទឹកស្អាតក្នុងខេត្តកំពង់ធំ ត្រូវបានពង្រីកបន្ថែមប្រវែងជាង ១៥០គីឡូម៉ែត្រទៀត ក្រោមគម្រោងហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ចំនួនជិត៣០លានដុល្លារ ដែលត្រូវបានសាងសង់រួចទាំងស្រុង និងត្រូវដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ នៅខែក្រោយនេះ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ កាលពីម្សិលមិញ បានដឹកនាំសហការីចុះពិនិត្យស្ថានីយផ្គត់ផ្គង់ទឹកស្អាតក្រុងស្ទឹងសែន។
ឯកឧត្តម បានឲ្យដឹងថា គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត សម្រាប់ប្រើប្រាស់នេះ អាចគ្របដណ្តប់ចែកចាយប្រវែងប្រមាណជាង ១៥០គីឡូម៉ែត្រ ស្មើនឹង២០ភូមិ ដែលមួយផ្នែកស្ថិតក្នុងក្រុងស្ទឹងសែន និងមួយផ្នែកទៀត ក្នុងឃុំក្តីដូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ។
គម្រោងនេះ អនុវត្តក្រោមជំនួយហិរញ្ញប្បទាន ឥតសំណងរបស់រដ្ឋាភិបាលជប៉ុន មានតម្លៃជិត ៣០លានដុល្លារ តាមរយៈក្រសួងឧស្សាហកម្មបច្ចេកវិទ្យា និងនវានុវត្តន៍ ជាម្ចាស់គម្រោងតំបន់សេវាទឹកស្អាត ដើម្បីលើកស្ទួយវិស័យទឹកស្អាតឲ្យមានការរីកចម្រើន ធានាឲ្យបាននូវនិរន្តរភាព នៃការផ្ដល់សេវាទឹកស្អាតប្រកបដោយគុណភាព និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ក្នុងតម្លៃសមរម្យ ជាពិសេសចូលរួមថែរក្សា សុខុមាលភាពប្រជាពលរដ្ឋ ឲ្យមានភាពប្រសើរឡើងប្រកបដោយអនាម័យ។
ឯកឧត្ដម បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យជួយថែរក្សាប្រព័ន្ធបង្ហូរទឹក និងប្រើប្រាស់ទឹក ដោយសន្សំសំចៃ។ ទន្ទឹមនេះ អាជ្ញាធរពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍នានា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងសកម្មភាពជីកកាយ ការពារការខូចខាតជាយថាហេតុ។
ឯកឧត្តម បន្តអំពាវនាវដល់ប្រជាពលរដ្ឋក្នុង ក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ ដែលមានប្រព័ន្ធទុយូទៅដល់ សូមមកដាក់ពាក្យស្នើសុំភ្ជាប់បណ្តាញ ដើម្បីទទួលបានទឹកប្រើប្រាស់ប្រចាំថ្ងៃ។
ក្រុមបច្ចេកទេសក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា សំណង់អាងប្រព្រឹត្តកម្មទឹកស្អាតនេះ មានសមត្ថភាពផលិតទឹកស្អាត បានចំនួន ៧៥០០ម៉ែត្រគីបក្នុងមួយថ្ងៃ។ អាងស្តុកទឹកស្អាត និងស្ថានីយចែកចាយ អាចស្តុកទឹកបាន១៨០០ម៉ែត្រគីប៕ អត្ថបទ៖ លី សាងស៊ីន





