ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានរាយការណ៍ដោយដកស្រង់សម្ដីរបស់មន្រ្តីការទូតជាន់ខ្ពស់រុស្ស៊ី នៅព្រឹកថ្ងៃអង្គារ (១០ កុម្ភៈ) នេះថា កិច្ចព្រមព្រៀងសម្រាប់ការដោះស្រាយជម្លោះជិត ៤ឆ្នាំរវាងរុស្ស៊ី និងអ៊ុយក្រែន ក៏ត្រូវតែគិតគូរពីការធានាសន្តិសុខសម្រាប់រុស្ស៊ីផងដែរ។
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Izvestia ថា «រុស្ស៊ីទទួលស្គាល់ថា ការដោះស្រាយសន្តិភាពនៅអ៊ុយក្រែន ត្រូវតែគិតគូរពីផលប្រយោជន៍សន្តិសុខរបស់អ៊ុយក្រែន ប៉ុន្តែកត្តាសំខាន់មួយគឺផលប្រយោជន៍សន្តិសុខរបស់រុស្ស៊ី»។ លោកបន្តថា៖ «បើក្រឡេកមើលដោយប្រុងប្រយ័ត្ន និងសិក្សាសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយមេដឹកនាំសហភាពអឺរ៉ុប ពុំមាននរណាម្នាក់និយាយពីការធានាសន្តិសុខសម្រាប់រុស្ស៊ីឡើយ។ នេះគឺជាធាតុដ៏សំខាន់នៃកិច្ចព្រមព្រៀងសន្តិភាព។ បើពុំមានការធានាសន្តិសុខទេ កិច្ចព្រមព្រៀងមួយគឺមិនអាចទៅរួចឡើយ»។

ក្រុមអ្នកចរចារុស្ស៊ី និងអ៊ុយក្រែន បានបើកកិច្ចពិភាក្សាពីរជុំក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជាមួយតំណាងសហរដ្ឋអាមេរិក នៅអេមីរ៉ាតអារ៉ាប់រួម។ មកទល់បច្ចុប្បន្ន ពុំមានកិច្ចព្រមព្រៀងសន្តិភាពណាមួយបានលេចចេញជារូបរាងទេ ប៉ុន្តែភាគីទាំងពីរបានព្រមព្រៀងគ្នាលើការដោះដូរឈ្លើយសឹក ក្នុងកិច្ចប្រជុំចុងក្រោយបំផុតកាលពីសប្តាហ៍មុន។
ការធានាសន្តិសុខសម្រាប់ទីក្រុងគីវ គឺជាចំណុចដ៏សំខាន់មួយនៃការពិភាក្សា ហើយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា ឯកសារស្តីពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែន បានត្រៀមរួចរាល់ហើយ៕

