ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំសហរដ្ឋអាមេរិក នៅថ្ងៃអង្គារ (១០ កុម្ភៈ) នេះ បានគូសបញ្ជាក់ពីតម្រូវការដើម្បី «បន្ធូរបន្ថយ» កម្ដៅជាមួយប្រទេសចិន បន្ទាប់ពីភាគីទាំងពីរបានបង្ហាញពីឆន្ទៈរបស់ពួកគេ ក្នុងការដាក់ភាពតានតឹងជុំវិញបញ្ហាសមុទ្រចិនខាងត្បូង ឱ្យនៅមួយឡែក និងស្វែងយល់ពីវិស័យនៃសហប្រតិបត្តិការសេដ្ឋកិច្ចរវាងគ្នា។
លោកឯកអគ្គរដ្ឋទូត Jose Manuel Romualdez បាននិយាយថា ទំនាក់ទំនងរបស់ទីក្រុងម៉ានីល ជាមួយទីក្រុងប៉េកាំង មិនគួរត្រូវបានកំណត់ដោយជម្លោះដែនសមុទ្រតែមួយមុខនោះទេ។ លោកបានប្រាប់អ្នកយកព័ត៌មានថា «ហ្វីលីពីនមានកិច្ចសន្ទនាទ្វេភាគីជាបន្តបន្ទាប់ជាមួយចិន ហើយនឹងបន្តការសន្ទនានោះ ពិនិត្យមើលមធ្យោបាយធ្វើការ ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច»។

លោក Romualdez បានបន្ថែមថា «នោះហើយជាអ្វីដែលហ្វីលីពីនចង់ធ្វើ ខណៈមានសញ្ញាមួយចំនួនដែលបង្ហាញថា មិត្តចិនក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីមើលបង្កើតឱកាសមួយចំនួនដែលភាគីទាំងពីរអាចធ្វើការ និងញែកស្ថានភាពដែនសមុទ្រឱ្យដាច់បានដែរ»។
ដោយប្រទេសហ្វីលីពីនធ្វើជាប្រធានប្ដូរវេនអាស៊ាន នៅឆ្នាំនេះ លោក Romualdez បាននិយាយថា ការបន្ធូរបន្ថយភាពតានតឹងគឺមានសារៈសំខាន់ណាស់ដើម្បីធានាការចូលរួមឱ្យបានពេញលេញរបស់ប្រទេសចិន នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចចុងក្រោយនូវក្រមប្រតិបត្តិ ដែលពន្យារពេលជាយូរមកហើយ នៅសមុទ្រចិនខាងត្បូង៕

