អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងកាលពីថ្ងៃចន្ទ (៩ កុម្ភៈ) ថា ប្រទេសរុស្ស៊ី បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ «ជំនួយទាំងអស់តាមដែលអាចធ្វើទៅបាន» ដល់ប្រទេសគុយបា ហើយថា វិបត្តិប្រេងឥន្ធនៈនៅគុយបា គឺធ្ងន់ធ្ងរខ្លាំងណាស់ ខណៈសហរដ្ឋអាមេរិក កំពុងបង្កើនការបិទផ្លូវផ្គត់ផ្គង់ប្រេងទៅកាន់ប្រទេសសមុទ្រការ៉ាអ៊ីបមួយនេះ។
ក្នុងរយៈពេលថ្មីៗនេះ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានផ្ដាច់ប្រភពប្រេងដ៏ធំបំផុតរបស់ប្រទេសគុយបា និងបានធ្វើឱ្យប្រទេសកោះមួយនេះធ្លាក់ចូលទៅក្នុងវិបត្តិថាមពល ដែលកាន់តែអាក្រក់ទៅៗយ៉ាងឆាប់រហ័ស។

លោក Peskov បានលើកឡើងថា «ការរឹតត្បិតដែលដាក់ដោយសហរដ្ឋអាមេរិក កំពុងបង្កការលំបាកជាច្រើនដល់ប្រទេសគុយបា និងធ្វើឱ្យវិបត្តិប្រេងឥន្ធនៈនៅទីនោះកាន់តែធ្ងន់ធ្ងរ» ហើយទីក្រុងមូស្គូ និងទីក្រុងហាឡាវ៉ាន កំពុងពិភាក្សាអំពី «មធ្យោបាយដែលអាចធ្វើទៅបានដើម្បីដោះស្រាយបញ្ហាទាំងនេះ ឬយ៉ាងហោចណាស់ផ្តល់ជំនួយដែលអាចធ្វើទៅបានទាំងអស់»។
ចាប់តាំងពីប្រតិបត្តិការដ៏គួរឱ្យភ្ញាក់ផ្អើលនៅវ៉េណេស៊ុយអេឡា កាលពីដើមខែមករា រដ្ឋបាលលោក Trump ក៏បានបង្កើនសម្ពាធកាន់តែខ្លាំងឡើងលើគុយបា។ ទីក្រុងវ៉ាស៊ីនតោន ក៏បានហាមឃាត់ប្រេង ឬប្រាក់របស់វ៉េណេស៊ុយអេឡា មិនឱ្យទៅដល់គុយបា និងបានដាក់សម្ពាធលើម៉ិកស៊ិក ឱ្យបញ្ឈប់ការដឹកជញ្ជូនរបស់ខ្លួន ដោយគំរាមកំហែងដាក់ពន្ធលើប្រទេសណាក៏ដោយដែលលក់ប្រេងទៅឱ្យគុយបា៕

