នៅពេលដែលបណ្ដាមេដឹកនាំពិភពលោកជួបជុំគ្នា នៅឯសន្និសីទសន្តិសុខទីក្រុងមុយនិកឆ្នាំ២០២៦ (2026 Munich Security Conference) ក្នុងប្រទេសអាល្លឺម៉ង់ ដែលចាប់ផ្តើមនៅថ្ងៃសុក្រ (ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦) ប្រធានបទដែលមានទំនាក់ទំនងគ្នាទៅវិញទៅមកនៃគោលនយោបាយសន្តិសុខឆ្លងមហាសមុទ្រអាត្លង់ទិក និងការការពារជាតិរបស់សហភាពអឺរ៉ុប (EU) នឹងស្ថិតនៅក្នុងរបៀបវារៈដ៏សំខាន់។
ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ EU បានជំរុញឆ្ពោះទៅរកគោលដៅរបស់ខ្លួន ក្នុងការបង្កើតយុទ្ធសាស្ត្រការពារជាតិដែលពឹងផ្អែកលើខ្លួនឯងបន្ថែមទៀត និងបង្កើតឧស្សាហកម្មការពារជាតិរបស់ EU ដ៏រឹងមាំ និងឯករាជ្យជាងមុន។ ការប្រព្រឹត្តរបស់រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ក្នុងកិច្ចការភូមិសាស្ត្រនយោបាយ រាប់ចាប់ពីការចរចាស្វែងរកបទឈប់បាញ់ រវាងរុស្ស៊ី និងអ៊ុយក្រែន រហូតដល់ភាពតានតឹង ជុំវិញបញ្ហាកោះហ្គ្រីនឡែន បានធ្វើឲ្យកាន់តែច្បាស់លាស់ អំពីភាពបន្ទាន់នៃគោលដៅនោះ។
បណ្ដាមេដឹកនាំអឺរ៉ុបមិនបាននិយាយជាផ្លូវការច្រើននោះទេ ប៉ុន្តែ EU ដែលឯករាជ្យជាងមុន មានន័យថា EU ដែលកាន់តែលែងសូវពឹងផ្អែកលើសហរដ្ឋអាមេរិក។ ចាប់តាំងពីឆ្នាំ១៩៥០ មក វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បានតាមដានការចំណាយយោធា និងពាណិជ្ជកម្មនៃអ្វីដែលខ្លួនឲ្យឈ្មោះថា «អាវុធធម្មតាសំខាន់ៗ» ដូចជាយន្តហោះ ប្រព័ន្ធការពារដែនអាកាស រថពាសដែក កាំភ្លើងធំ នាវា ផ្កាយរណប និងឧបករណ៍ចាប់សញ្ញា។

អាមេរិកគឺជាប្រទេសនាំចេញអាវុធធំជាងគេបំផុត លើពិភពលោកជាង ២ទសវត្សរ៍មកហើយ ដែលមាន ៣៥ភាគរយនៃការលក់អាវុធសកល។ បន្ទាប់មកគឺប្រទេសរុស្ស៊ី (២១%) បារាំង (៨%) អាល្លឺម៉ង់ (៧%) និងចិន (៥%)។ រួមបញ្ចូលគ្នា ប្រទេសទាំង ៥នេះ បានផ្គត់ផ្គង់ ៧៤ភាគរយនៃអាវុធទាំងអស់ដែលបានជួញដូរ ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២៤។ យ៉ាងណាក្ដី លោកស្រី Aylin Matle អ្នកវិទ្យាសាស្ត្រនយោបាយ និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលសន្តិសុខ និងការពារជាតិនៅក្រុមប្រឹក្សាអាល្លឺម៉ង់ ស្តីពីទំនាក់ទំនងការបរទេស បាននិយាយថា៖ «គ្មានវិធីណាផ្លាស់ប្តូរការពឹងផ្អែកលើអាមេរិកក្នុងរយៈពេលខ្លីឡើយ។ ឧទាហរណ៍មួយ គឺការសម្រេចចិត្តរបស់ប្រទេស នៅអឺរ៉ុប ក្នុងការទិញយន្តហោះចម្បាំង F35 ពីអាមេរិក ដែលនេះមានន័យថា ពួកគេត្រូវបានភ្ជាប់ទៅនឹងប្រព័ន្ធយ៉ាងហោចណាស់ ១ទសវត្សរ៍ ហើយពឹងផ្អែកលើការដឹកជញ្ជូនគ្រឿងបន្លាស់ពីប្រទេសអ្នកផលិត»។
ប្រសិនបើឧស្សាហកម្មការពារជាតិ EU ចង់ពង្រីក ដើម្បីផ្គត់ផ្គង់យោធាអឺរ៉ុប ហើយក្នុងពេលជាមួយគ្នានេះ បន្តរក្សា ឬពង្រីកទំនាក់ទំនងនាំចេញ វានឹងត្រូវជួបប្រទះបញ្ហាប្រឈមមួយទៀតជាមិនខាន។ រ៉ែកម្រគឺសំខាន់ណាស់ក្នុងការផលិតផលិតផលការពារជាតិ ហើយបច្ចុប្បន្ន ចិនគឺជាអ្នកផ្គត់ផ្គង់សំខាន់តែមួយគត់ ។ ហើយលោកស្រី Matle បាននិយាយថា៖ «រយៈពេលខ្លី មិនមានជម្រើសពិតប្រាកដទេ។ មិនមានប្រទេសផ្សេងទៀតដែលអាចផលិតរ៉ែកម្របានយ៉ាងឆាប់រហ័ស និងក្នុងទ្រង់ទ្រាយនេះបានទេ»៕

