ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បើកកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិ ស្តីពីការ អភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យមឆ្នាំ២០២៦-២០៣០ ដើម្បីប្រមូលធាតុចូលទាំងកម្រិតគោលនយោបាយ និងបច្ចេកទេស គាំទ្រចក្ខុវិស័យ២០៥០។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងសិក្ខាសាលា ពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា សហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាកន្លែងបង្កើតការងារ និងបណ្តុះនវានុវត្តន៍, សហគ្រាសទាំង នេះហើយដែលអាចធ្វើឱ្យផលិតផលកម្ពុជា ពង្រីកខ្លួនចូលទៅកាន់ទីផ្សារតំបន់ និងទីផ្សារពិភពលោក ប៉ុន្តែត្រូវការយន្តការគាំទ្រថ្នាក់ ជាតិ ដើម្បីជំរុញផលិតភាព និងសមត្ថភាពប្រកួតប្រជែងបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា នេះគឺជាជំហានថ្មីមួយទៀត ដើម្បីជួយសម្រួលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យទទួល បានសេវាមន្ទីរពិសោធន៍កាន់តែលឿន និងគួរឱ្យទុកចិត្ត ហើយដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ពួកគេ តាមរយៈការចាប់ យកស្តង់ដារ និងគុណភាព។ សិក្ខាសាលានេះបានប្រមូលធាតុចូលទាំងកម្រិតគោលនយោបាយ និងបច្ចេកទេស ដើម្បីធានាថា យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ គាំទ្រចក្ខុវិស័យ២០៥០ របស់រាជរដ្ឋាភិបាល រួមចំណែកដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ព្រមទាំងលើកកម្ពស់បរិយាបន្ន សមភាពយេនឌ័រ ការលើកទឹកចិត្ត និងភាពជាដៃគូរ វាងរដ្ឋ-ឯកជនឱ្យកាន់តែរឹងមាំ។
យោងតាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ របស់ក្រសួងផែនការ កម្ពុជាមានអង្គភាពសេដ្ឋកិច្ចចំនួន ៧៥ ម៉ឺន នៅទូទាំងប្រទេស ដែល ផ្តល់ការងារប្រមាណ ៣ លានកន្លែង។ លើសពីនេះ កម្លាំងពលកម្មដែលគាំទ្រដោយសហគ្រាសធុនមីក្រូ តូច និងមធ្យម រួមទាំង សហគ្រាស និងអ្នកប្រកបមុខរបរ អាជីវកម្ម និងធ្វើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធមានប្រមាណជាង ៦ លាននាក់។

ដោយឡែកសេចក្តីព្រាងយុទ្ធសាស្ត្រនេះ ត្រូវបានរៀបចំឡើងឈរលើសសរស្តម្ភបួនគឺ៖ (១) ការកែលម្អបរិយាកាសធុរកិច្ច និងនិយ័ត កម្មផ្នែកច្បាប់, (២) ការពង្រឹងផលិតកម្ម និងការពង្រីកបច្ចេកវិទ្យានិងនវានុវត្តន៍, (៣) ការបង្កើនសមត្ថភាពប្រកួតប្រជែងលើ ទីផ្សារជាតិ និងអន្តរជាតិ, និង (៤) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។ ដើម្បីគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យដំណើរការគំនិតផ្តួចផ្តើមថ្មីមួយ ដោយបញ្ចូលសេវាធ្វើ តេស្តវិភាគផលិតផលរបស់មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ទៅក្នុងប្រព័ន្ធសេវាអេឡិចត្រូនិក សម្រាប់ធុរកិច្ច (E-Services for Business) របស់រាជរដ្ឋាភិបាល ដោយកាត់បន្ថយការប្រើប្រាស់លទ្ធផលតេស្តជាក្រដាស៕ អត្ថបទ៖ សុន រ៉ាឌី



