មន្ត្រីអាកាសចរណ៍គុយបា បានព្រមានក្រុមហ៊ុនអាកាសចរណ៍ថា មិនមានប្រេងឥន្ធនៈគ្រប់គ្រាន់សម្រាប់យន្តហោះចាក់នៅលើប្រទេសកោះនេះទេ ដែលជាជំហានចុងក្រោយបំផុត ក្នុងការផ្លាស់ប្តូររបស់ខ្លួនឈានទៅការផ្គត់ផ្គង់ថាមពល ខណៈដែលរដ្ឋបាលលោក ត្រំា បានកាត់បន្ថយប្រទេសការ៉ាអ៊ីបនេះពីធនធានប្រេងឥន្ធនៈរបស់ខ្លួន។

រដ្ឋាភិបាលគុយបា បានចេញផ្សាយសេចក្តីជូនដំណឹងដល់ក្រុមហ៊ុនអាកាសចរណ៍ និងអ្នកបើកយន្តហោះកាលពីយប់ថ្ងៃអាទិត្យ ដោយព្រមានថា ប្រេងឥន្ធនៈយន្តហោះ នឹងមិនមាននៅអាកាសយានដ្ឋានចំនួន ៩ នៅទូទាំងកោះនេះទេ រួមទាំងអាកាសយានដ្ឋានអន្តរជាតិ José Martí ក្នុងទីក្រុងឡាហាវ៉ាន ដោយចាប់ ផ្តើមពីថ្ងៃអង្គារនេះ និងបន្តរហូតដល់ថ្ងៃទី ១១ ខែមីនា។
សម្ពាធនយោបាយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើអាមេរិកឡាទីន បានកាត់ផ្តាច់ការចូលប្រើប្រាស់ប្រភពប្រេងឥន្ធនៈដ៏សំខាន់របស់ប្រទេសគុយបានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា និងម៉ិកស៊ិក។
នៅចុងខែមករា លោក ត្រាំ បានចុះហត្ថលេខាលើក្រឹត្យមួយដែលនឹងដាក់ពន្ធលើទំនិញណាមួយពីប្រទេសដែលលក់ ឬផ្គត់ផ្គង់ប្រេងដល់ប្រទេសគុយបា ជាការសម្រេចមួយដែលអាចធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកោះនេះ គាំងដំណើរការ ដោយសារវិបត្តិថាមពលកាន់តែធ្ងន់ធ្ងរឡើង៕
