ប្រទេសចិន នៅថ្ងៃអង្គារ (ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បានចេញផ្សាយសៀវភៅសគោលនយោបាយ ស្តីពីការអនុវត្តរបស់ក្រុងហុងកុង ក្នុងការការពារសន្តិសុខជាតិ ដើម្បីធានាស្ថិរភាពនៅក្នុងពិភពលោកដែលមានភាពប្រែប្រួល ដោយសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងមាន «ការទទួលខុសត្រូវជាមូលដ្ឋាន» ចំពោះកិច្ចការសន្តិសុខជាតិ នៅក្នុងទីក្រុងនេះ។
សៀភៅសនេះត្រូវបានចេញដោយក្រុមប្រឹក្សារដ្ឋ ឬគណៈរដ្ឋមន្ត្រីរបស់ប្រទេសចិន មួយថ្ងៃបន្ទាប់ពីតុលាការហុងកុង បានកាត់ទោសអ្នករិះគន់លេចធ្លោ លើប្រទេសចិន និងជាអតីតមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយ គឺលោក Jimmy Lai ឲ្យជាប់ពន្ធនាគារ ២០ឆ្នាំ ក្នុងបទចោទឃុបឃិតជាមួយបរទេស ក្រោមច្បាប់សន្តិសុខជាតិរបស់ទីក្រុង។

ការកាត់ទោស ចំពោះលោក Lai ដែលរហូតមកដល់ពេលនេះ គឺជាការកាត់ទោសដ៏ធ្ងន់ធ្ងរបំផុត ក្រោមច្បាប់សន្តិសុខជាតិដែលដាក់ដោយប្រទេសចិន បាននាំឲ្យមានការរិះគន់ជាអន្តរជាតិ ពីសហរដ្ឋអាមេរិក អង់គ្លេស កោះតៃវ៉ាន់ សហភាពអឺរ៉ុប ជប៉ុន និងក្រុមសិទ្ធិមនុស្ស។
សៀវភៅសបានលើកឡើងថា ហុងកុងនឹងបន្តកែលម្អប្រព័ន្ធច្បាប់របស់ខ្លួន ដើម្បីការពារសន្តិសុខជាតិ។ ឯកសារនោះបានសរសេរថា៖ «ទីក្រុងហុងកុង ដែលទទួលបានសន្តិសុខស្តង់ដារខ្ពស់ ត្រូវតែយកឈ្នះលើហានិភ័យ និងបញ្ហាប្រឈមទាំងអស់ នៅក្នុងដំណើរឆ្ពោះទៅមុខ ហើយនៅតែរឹងមាំដូចថ្ម នៅក្នុងពិភពលោកដ៏ច្របូកច្របល់មួយនេះ»។
មេដឹកនាំក្រុងហុងកុង លោក John Lee នៅថ្ងៃទី១០ ខែកុម្ភៈ បានស្វាគមន៍សៀវភៅសនេះ ដោយនិយាយថា អាជ្ញាធរត្រូវតែបន្តប្រុងប្រយ័ត្ន ប្រឆាំងនឹងហានិភ័យសន្តិសុខជាតិ៕

