អ្នកការទូតបានប្រាប់កាលពីថ្ងៃចន្ទ (ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦) ថា សហរដ្ឋអាមេរិកនឹងប្រគល់ទីបញ្ជាការតំបន់ជាន់ខ្ពស់ចំនួន ២ នៅក្នុងអង្គការណាតូ (NATO) ទៅឲ្យប្រទេសនៅអឺរ៉ុប ខណៈដែលប្រធានាធិបតី លោក Donald Trump ជំរុញឲ្យសម្ព័ន្ធមិត្តទទួលខុសត្រូវកាន់តែខ្លាំងជាងមុន ចំពោះការការពារជាតិរបស់ពួកគេ។
ទីក្រុងវ៉ាស៊ីនតោននឹងផ្ទេរភាពជាអ្នកដឹកនាំនៃទីបញ្ជាការរបស់អង្គការណាតូ នៅទីក្រុង Naples ដែលផ្តោតលើភាគខាងត្បូងនៃសម្ព័ន្ធមិត្ត ទៅឲ្យប្រទេសអ៊ីតាលី និងភាពជាអ្នកដឹកនាំនៃទីបញ្ជាការ នៅទីក្រុង Norfolk ក្នុងរដ្ឋ Virginia ដែលផ្តោតលើភាគខាងជើងរបស់សម្ព័ន្ធមិត្ត ទៅឲ្យប្រទេសអង់គ្លេស។

ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកនឹងទទួលបន្ទុកទីបញ្ជាការកងកម្លាំងសមុទ្ររបស់អង្គការណាតូ ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ អ្នកការទូតរបស់អង្គការណាតូ ២រូប បានប្រាប់សារព័ត៌មាន AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការផ្លាស់ប្តូរទាំងនេះ ដែលត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មានបារាំង La Lettre ទំនងជាចំណាយពេលច្រើនខែ ដើម្បីអនុវត្ត។
ការរុះរើទីបញ្ជាការរបស់អង្គការណាតូនេះ កើតមានឡើង ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានលើកឡើងថា ខ្លួនអាចកាត់បន្ថយវត្តមានការពារជាតិរបស់ខ្លួន នៅអឺរ៉ុប ដើម្បីផ្តោតលើការគំរាមកំហែងផ្សេងទៀត ដូចជាប្រទេសចិនជាដើម។ ប៉ុន្តែមហាអំណាចយោធា គឺទីក្រុងវ៉ាស៊ីនតោន នឹងនៅតែដើរទួនាទីយ៉ាងសំខាន់ ព្រោះខ្លួននឹងមានការគ្រប់គ្រង លើទីបញ្ជាការអាកាស ផ្លូវគោក និងសមុទ្រស្នូលរបស់អង្គការណាតូ ហើយបន្តរក្សាតំណែងជាន់ខ្ពស់ជាមេបញ្ជាការសម្ព័ន្ធមិត្តកំពូលរបស់អឺរ៉ុប៕


