ជារៀងរាល់ថ្ងៃ អំឡុងពេលសម្រាកបាយថ្ងៃត្រង់ លោក Bangladeshi Mohammad Sumon វ័យ ២២ឆ្នាំ និងភរិយា Mosammat Rozina វ័យ ១៩ឆ្នាំ បានប្រញាប់ប្រញាល់ទៅផ្ទះ ដើម្បីចម្អិនអាហារ និងបរិភោគ មុនពេលវិលត្រឡប់មកធ្វើការវិញ ។
ប្តីប្រពន្ធ ២នាក់នេះ បានចំណាយពេល ៧ឆ្នាំកន្លងទៅ ធ្វើការនៅរោងចក្រផលិតទំនិញធ្វើពីស្បែក ស្ថិតក្នុងទីក្រុងឧស្សាហកម្ម Hemayetpur នៅមិនឆ្ងាយប៉ុន្មានពីរដ្ឋធានីដាកា ។ ពួកគេបានរៀបការកាលពីរយៈពេល ៤ឆ្នាំមុន ដើម្បីជួយគ្នាចំណាយការរស់នៅប្រចាំថ្ងៃ ហើយនិងបានជួលបន្ទប់តូចមួយរស់នៅជាមួយគ្នា ។
ប៉ុន្តែការរួមរស់ជាមួយគ្នា ពួកគេរកបានប្រាក់ចូលប្រចាំខែរួមគ្នាត្រឹម ២៤៦ដុល្លារប៉ុណ្ណោះ គឺមិនគ្រប់គ្រាន់នោះទេ ។ បញ្ហាប្រឈមសំខាន់មួយទៀតរបស់ពួកគេលើសពីតម្រូវការរបស់ខ្លួននោះ គឺពួកគេត្រូវចិញ្ចឹមឪពុកម្តាយ និងជីដូនជីតាជរារបស់ពួកគេផងដែរ ។

នាង Rozina និយាយថា ការចំណាយកើនឡើង បានបង្ខំឲ្យពួកគេមិនយកកូន ។ បើសិនជាពួកយើងមានគម្រោងចង់បានកូន សម្ពាធហិរញ្ញវត្ថុនឹងធ្លាក់លើប្តីរបស់នាង ពីព្រោះថានាងត្រូវឈប់សម្រាកមាតុភាព ។
គួរឲ្យដឹងថា ពលរដ្ឋបង់ក្លាដែស នឹងទៅបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ក្នុងនោះ ពលរដ្ឋ ១២៨លាននាក់ អាចបោះឆ្នោតបាន ដែលជាការធ្វើតេស្តដ៏សំខាន់ចំពោះការវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញ ក្រោយការបះបោរទម្លាក់មេដឹកនាំ Sheikh Hasina កាលពីខែសីហា ឆ្នាំ ២០២៤ ។
ការស្ទង់មតិកាលពីពេលថ្មីៗនេះ រកឃើញថា អំពើពុករលួយ និងការចំណាយកើនឡើង បានក្លាយជាក្តីបារម្ភធំសម្រាប់អ្នកបោះឆ្នោតបង់ក្លាដែស ហើយយោងតាមទិន្នន័យ បានឲ្យដឹងថា អតិផរណា បានកើនឡើងដល់ ៨,៥៨ភាគរយ កាលពីខែមករា ។
បង់ក្លាដែសដែលស្ថិតនៅក្នុងចំណោមប្រទេសមានពលរដ្ឋរស់នៅច្រើនបំផុតនៅលើពិភពលោក និងមានពលរដ្ឋរស់នៅក្នុងភាពក្រីក្រខ្លាំងនោះ បានរងផលប៉ះពាល់ដោយសារអតិផរណាខ្ពស់ អស់ទុនបម្រុងបរទេស និងការវិនិយោគយឺតយ៉ាវ ៕
