ការវាយប្រហារលើទូកដោយយោធារបស់សហរដ្ឋអាមេរិក ដែលជាលើកទី៣ ក្នុងឆ្នាំ២០២៦ បានបំផ្លាញនាវា ១គ្រឿង ដែលសង្ស័យថា ដឹកគ្រឿងញៀននៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត កាលពីថ្ងៃចន្ទ (ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦) ដោយបានសម្លាប់មនុស្ស ២នាក់ ខណៈដែលមានអ្នកនៅរស់រានមានជីវិតតែម្នាក់។ នេះបើយោងតាមទីបញ្ជាការភូមិភាគខាងត្បូងរបស់មន្ទីរបញ្ចកោណ។
ទីបញ្ជាការភូមិភាគខាងត្បូង ឬ Southcom បានឲ្យដឹងថា ខ្លួនបានជូនដំណឹងដល់ឆ្មាំសមុទ្រសហរដ្ឋអាមេរិកឲ្យចាប់ផ្តើមប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។
ការវាយប្រហារនេះ គឺជាលើកទី២ ដែលត្រូវបានអនុញ្ញាតដោយលោកឧត្តមសេនីយ៍ Francis Donovan ជាទាហានម៉ារីនម្នាក់ដែលបានក្លាយជាមេដឹកនាំថ្មីរបស់ទីបញ្ជាការ Southcom កាលពីសប្តាហ៍មុន ដោយត្រួតពិនិត្យប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក នៅតំបន់អាមេរិកឡាទីន និងការ៉ាអ៊ីប។

នេះគឺជាការវាយប្រហារលើកទី៣៨ ដែលបានប្រកាសដោយរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ពីតំបន់អាមេរិកឡាទីន ជាពិសេសប្រទេសវ៉េណេស៊ុយអេឡា និងកូឡុំប៊ី ដែលបានចាប់ផ្តើមនៅដើមខែកញ្ញាឆ្នាំមុន។ ការវាយប្រហារទាំងនោះ ឥឡូវនេះបានបណ្ដាលឲ្យមនុស្ស ១៣០នាក់យ៉ាងតិច បាត់បង់ជីវិត៕
