នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បានណែនាំក្រសួងការបរទេសឲ្យធ្វើការជាមួយអង្គការសហប្រជាជាតិ ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែលឲ្យបង្ហាញពីជោគវាសនារបស់ពលរដ្ឋលីបង់ម្នាក់ ដែលត្រូវបានកងទ័ពអ៊ីស្រាអែលចាប់ពង្រត់កាលពីព្រឹកថ្ងៃចន្ទ។

ជនជាតិអ៊ីស្រាអែល ត្រូវបានគេរាយការណ៍ថា បានឆ្លងចូលទៅក្នុងទឹកដីលីបង់ ដោយចូលទៅក្នុងទីក្រុង Habbariyeh ក្នុងស្រុក Hasbaya ហើយបានចាប់ពង្រត់ពលរដ្ឋនោះពីផ្ទះរបស់ខ្លួន។
ការឈ្លានពាន និងការចាប់ពង្រត់នេះ គឺជាលើកទី១ ហើយ ចាប់តាំងពីការបញ្ឈប់អរិភាពរវាងប្រទេសទាំងពីរ។
ទន្ទឹមនឹងនេះ អ៊ីស្រាអែលបានបន្តការវាយប្រហារតាមអាកាសរបស់ខ្លួនកាលពីថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សបីនាក់ ក្នុងនោះមានកុមារអាយុ ៤ ឆ្នាំម្នាក់ នៅពេលដែលរថយន្តស៊ីវិលមួយគ្រឿង ត្រូវបានកំណត់គោលដៅ។
អ្នកបាញ់ស៊ីបម្នាក់ក៏បានបាញ់មនុស្សម្នាក់ទៀត នៅក្នុងទីក្រុងព្រំដែន Ayta ash Shab ដែលត្រូវបានគេរាយការណ៍ថា បានស្លាប់នៅពេលក្រោយ។
លោក Atwi Atwi គឺជាបុរសដែលត្រូវបានបន្ថែមទៅក្នុងបញ្ជីអ្នកទោសលីបង់នៅអ៊ីស្រាអែល ដែលធ្វើឲ្យចំនួនសរុបឡើងដល់ ២៤នាក់។ អ្នកទោសបីនាក់ ត្រូវបានចាប់ខ្លួន មុនសង្គ្រាមអ៊ីស្រាអែលចុងក្រោយលើប្រទេសលីបង់៕
