គណៈប្រតិភូមកពីរដ្ឋាភិបាលក្រុងដាម៉ាស បានបំពេញទស្សនកិច្ចទៅកាន់តំបន់ប្រេង Rmeilan ស្ថិតនៅភាគឦសានប្រទេសស៊ីរីកាលពីថ្ងៃចន្ទ ដើម្បីជួបជាមួយក្រុមមន្រ្តីឃឺដ ដែលជាផ្នែកមួយនៃការអនុវត្តកិច្ចព្រមព្រៀងគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីនាំយកតំបន់កាន់កាប់ដោយក្រុមឃឺដមួយនេះ ត្រឡប់មកស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលកណ្តាលវិញ ។

កិច្ចព្រមព្រៀងថ្ងៃទី ៣០ ខែមករា កំណត់ថា ស្ថាប័នរដ្ឋាភិបាលបង្កើតឡើងដោយក្រុមដឹកនាំដោយជនជាតិឃឺតនៅតំបន់ភាគឦសាន នឹងត្រូវបញ្ចូលជាមួយស្ថាប័នរដ្ឋ ។
ភាគីទាំង ២ បានប្រកាសកិច្ចព្រមព្រៀង ក្រោយកងកម្លាំងរដ្ឋាភិបាលស្ថិតក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Ahmed al-Sharaa ដណ្តើមបានតំបន់ជាច្រើននៅភាគខាងជើង និងភាគខាងកើតស៊ីរី ពីកងកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF)ដឹកនាំដោយក្រុមឃឺដ ។
កងកម្លាំង SDF ដែលគ្រប់គ្រងតំបន់ប្រេងសំខាន់របស់ស៊ីរី និងមជ្ឈមណ្ឌលពាណិជ្ជកម្ម អំឡុងការគ្រប់គ្រងរបស់ខ្លួននោះ និយាយថា ពួកគេព្យាយាមដោះស្រាយភាពអយុត្តិធម៌ តាមរយៈការបង្កើតប្រព័ន្ធអភិបាលកិច្ចដែលតំណាងឲ្យក្រុមជនជាតិភាគតិចទាំងអស់ ៕
