អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បាននិយាយថា អាជ្ញាធរអ៊ីស្រាអែលទំនងជាមិនបើកការវាយប្រហារលើអ៊ីរ៉ង់ ដោយគ្មានការពិគ្រោះយោបល់ជាមុន ជាមួយសហរដ្ឋអាមេរិកទេ។
លោកបានប្រកាសក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា៖«ប្រវត្តិសាស្ត្របង្ហាញថា សកម្ម ភាព ដែលធ្វើឡើងដោយរបបអ៊ីស្រាអែល តែងតែត្រូវបានអនុវត្តដោយមានការយល់ព្រម និងកិច្ចសហប្រតិបត្តិការពីសហរដ្ឋអាមេរិក។ ដូច្នេះ ប្រសិនបើការឈ្លានពានកើតឡើង ការឆ្លើយតបរបស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នឹងមានកម្លាំងគ្រប់គ្រាន់ ដើម្បីធ្វើឲ្យពួកគេសោកស្តាយជាក់ជាមិនខាន»។

នៅថ្ងៃទី ២៦ ខែមករា ទីក្រុងវ៉ាស៊ីនតោន បានប្រកាសថា៖«កងនាវាដែលមានកម្លាំងដ៏លើសលប់» កំពុងធ្វើដំណើរទៅកាន់អ៊ីរ៉ង់។ សហរដ្ឋអាមេរិកបានសម្តែងក្តីសង្ឃឹមថា ទីក្រុងតេអេរ៉ង់នឹងចូលរួមក្នុងការចរចា និងឈានដល់កិច្ចព្រមព្រៀង «ដែលមានភាពយុត្តិធម៌ និងស្មើភាពគ្នា» រួមទាំងការបោះបង់ចោលទាំងស្រុងនូវមហិច្ឆតាអាវុធនុយក្លេអ៊ែរ។ សហរដ្ឋអាមេរិកក៏បានចេញការព្រមានយ៉ាងមុតមាំផងដែរ ដោយបង្ហាញថា ការវាយប្រហារនាពេលអនាគតណាមួយ អាចកាន់តែបំផ្លិចបំផ្លាញ ដោយយោងទៅលើការវាយប្រហារនៅរដូវក្តៅឆ្នាំ ២០២៥ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការទប់ស្កាត់ការកើនឡើងភាពតានតឹងបន្ថែមទៀត។
ទន្ទឹមនឹងនេះ កិច្ចចរចាជុំថ្មីមួយរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដែលមានគោលបំណងដោះស្រាយវិបត្តិ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ បានធ្វើឡើងនៅទីក្រុងមូស្កាត ប្រទេសអូម៉ង់ នៅថ្ងៃទី ០៦ ខែកុម្ភៈ។ គណៈប្រតិភូអ៊ីរ៉ង់ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi ខណៈដែលគណៈប្រតិភូអាមេរិកដឹកនាំដោយបេសកជនពិសេសប្រធានាធិបតីលោក Steve Witkoff៕
