ទាហានបូលីវី បានបំផ្លាញមន្ទីរពិសោធន៍គ្រឿងញៀនសម្ងាត់ទ្រង់ទ្រាយធំ ២កន្លែងដែលលាក់ខ្លួននៅក្នុងព្រៃជិតទីក្រុង Cochabamba ស្ថិតនៅតំបន់ភាគកណ្តាលប្រទេស ។
យោងតាមការអះអាងរបស់លោក Ernesto Justiniano គឺជារដ្ឋមន្រ្តីក្រសួងការពារសង្គម និងគ្រប់គ្រងសារធាតុញៀន បានឲ្យដឹងថា ទីតាំងទាំងនេះដែលក្រុមអាជ្ញាធរចាត់ទុកថាជាមន្ទីរពិសោធន៍គ្រឿងញៀនធំនោះ អាចផលិតបានគ្រឿងញៀនចន្លោះពី ១០០គ.ក និង ២០០គ.ក ក្នុង ១ថ្ងៃ ។

កងកម្លាំងសន្តិសុខបានរុះរើព្រលានយន្តហោះសម្ងាត់ និងរោងចក្រចល័ត ៩កន្លែងផងដែរ អំឡុងប្រតិបត្តិការវាយឆ្មក់នេះ ។
មន្ទីរពិសោធន៍ទី ១ មានកន្លែងដេក និងឃ្លាំងស្តុកស្បៀងអាហារសម្រាប់ប្រតិបត្តិការរយៈពេលច្រើនថ្ងៃ ខណៈមន្ទីរពិសោធន៍ទី ២ ស្ថិតនៅឆ្ងាយពីគ្នាប្រហែលធ្វើដំណើររយៈពេលកន្លះម៉ោង ហើយត្រូវការឆ្លងកាត់ស្ទឹងដោយទូក និងដើរកាត់ព្រៃ ទើបអាចទៅដល់ ។
ក្រុមអាជ្ញាធរនិយាយថា ប្រតិបត្តិការបំផ្លាញមន្ទីរពិសោធន៍ផលិតគ្រឿងញៀននេះ ធ្វើឲ្យបណ្តាញជួញដូរគ្រឿងញៀនខាតបង់ទឹកប្រាក់ប្រហែល ២,៥៦លានដុល្លារ ៕
