ការវាយប្រហារស្រដៀងគ្នារបស់រុស្ស៊ីលើប្រព័ន្ធថាមពលអ៊ុយក្រែន ចាប់តាំងពីឆ្នាំ ២០២២រហូតមក បានធ្វើឲ្យមនុស្សរាប់លាននាក់នៅទូទាំងប្រទេសមួយនេះខ្វះកម្តៅ ខ្វះថាមពល និងទឹកស្អាត ខណៈដែលសីតុណ្ហភាពរដូវរងាធ្លាក់ចុះដល់ -១០អង្សាសេ ហើយករណីស្លាប់ដោយសារខ្វះកម្តៅ ក៏បានកើនឡើងដូចគ្នា ។
គ្មាននរណាម្នាក់រងរបួសនោះទេ ពេលដែលយានដ្រូនដំបូងរបស់រុស្ស៊ីវាយប្រហារអគារផ្ទុះល្វែងរបស់នាង Taira Sluisarenko ស្ថិតនៅភាគខាងកើតទីក្រុងគីវ នៅយប់ក្រោយថ្ងៃខួបកំណើតលើកទី ១៦របស់នាង ។
នាងនិយាយប្រាប់កាសែត Al Jazeera ពីការវាយប្រហារនៅថ្ងៃទី ៩ ខែមករាថា នាងអង្គុយនៅក្នុងបន្ទប់ ស្រាប់តែភ្លាមៗនោះ ស្រាប់តែបង្អួច និងជញ្ជាំងផ្ទះល្វែងធ្លាក់លើបន្ទប់របស់នាង ។
នាងបន្តថា នាងចាប់ផ្តើមគិតពីការសម្រេចចិត្តរបស់នាងមិនធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញ ជាទីដែលម្តាយមីងរបស់នាង បងប្អូនជីដូនមួយរបស់នាង និងបងស្រីរបស់នាងរស់នៅទីនោះ ប៉ុន្តែនាងគ្មានអារម្មណ៍ភ័យខ្លាចនោះទេ ។

កងកម្លាំងរុស្ស៊ីប្រើប្រាស់តាក់ទិកវាយប្រហារផ្ទួនគ្នា ដោយបញ្ជូនយានដ្រូនទី ២ មកវាយប្រហារទីតាំងតែមួយ ។ រយៈពេល ១៥នាទីក្រោយមក សំឡេងផ្ទុះនៅក្រៅអគារ បានសម្លាប់លោក Serhiy Smolyak ដែលជាគ្រូពេទ្យសង្រ្គោះបន្ទាន់ និងបណ្តាលឲ្យសហការីរបស់គាត់ជាច្រើនរូបទៀត រងរបួស ។
រុស្ស៊ីបានបើកការវាយប្រហារយានដ្រូន ២៤២គ្រឿង មីស៊ីល ៣៦គ្រាប់នៅយប់នោះ រួមទាំងមីស៊ីលបាលីស្ទិក Oreshnik ដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថាដូចជាផ្កាយព្រះគ្រោះ ។ វាហោះបានចម្ងាយ ១៣.០០០គ.ម ក្នុង ១ម៉ោង ហើយមិនអាចបាញ់ស្កាត់ដោយប្រព័ន្ធការពារដែនអាកាសដ៏ទំនើបរបស់លោកខាងលិចបានឡើយ ។
ការវាយប្រហារនោះ បានសម្លាប់មនុស្ស ៤នាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត រងរបួស ហើយនិងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល ៕
