បារាំង៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មបារាំង លោកស្រី Agnes Pannier-Runacher បាននិយាយថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 AstraZeneca កំពុងតែស្ថិតក្នុងស្ថានភាពដ៏ក្តៅគគុក ដោយសារការពន្យារពេលក្នុងការផ្តល់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួនទៅកាន់បណ្ដាប្រទេសនៅប្លុកអឺរ៉ុប។
ក្រុមហ៊ុន AstraZeneca បាននិយាយកាលពីសប្ដាហ៍មុនថា ខ្លួននឹងព្យាយាមចែកចាយវ៉ាក់សាំងចំនួន ៣០លានដូសទៅសហភាពអឺរ៉ុបនៅដំណាច់ខែមីនា ដោយធ្លាក់ចុះពីចំនួនក្នុងកិច្ចសន្យា ៩០លាន ហើយការសន្យាកាលពីខែមុនថានឹងផ្តល់ចំនួន ៤០លានដូស។ គោលដៅថ្មីមិនត្រូវបានធានាទេ ខណៈខ្លួនពឹងផ្អែកលើការអនុម័តនិយតកម្ម របស់រោងចក្រវ៉ាក់សាំងមួយនៅប្រទេសហូឡង់។ នៅពេលត្រូវបានសួរថា តើប្រធានប្រតិបត្តិ លោក Pacal Soriot ស្ថិតនៅក្រោមសម្ពាធខ្លាំងពីសហភាពអឺរ៉ុប ឬយ៉ាងណា? លោកស្រី Agnes Pannier-Runacher បានប្រាប់វិទ្យុបារាំងព័ត៌មានថា ខ្ញុំគិតថា កៅអីរបស់ប្រធានក្រុមហ៊ុននោះកំពុងក្ដៅខ្លាំង ហើយលោកក៏បានដឹងអំពីបញ្ហានេះ។ លោកស្រីថា នៅក្នុងការធ្វើអាជីវកម្មណាក៏ដោយ ត្រូវតែមានទំនួលខុសត្រូវខ្ពស់ អ្នកត្រូវតែទទួលខុសត្រូវ។ នៅពេលដែលអ្នកមិនគោរពកិច្ចសន្យា រឿងនេះអាចបណ្ដាលឲ្យមានបញ្ហា ដែលជាបញ្ហាបុគ្គល៕
អត្ថបទ៖ សុខមាន