អឺរ៉ុប៖ នាយកទីភ្នាក់ងារលោក Josef Aschbacher បាននិយាយថា ទីភ្នាក់ងារអវកាសសហភាពអឺរ៉ុបកំពុងផ្អាកផែនការនានា ក្នុងការបាញ់បង្ហោះបេសកកម្មអវកាសទៅកាន់ភពព្រះអង្គារជាមួយរុស្ស៊ី ដោយសារតែការវាយលុករបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។

ផែនការនេះនឹងបាញ់បង្ហោះយានអវកាស ExoMars ដែលមានគោលបំណងស្វែងរកថា តើធ្លាប់មានជីវិតនៅលើភពព្រះអង្គារដែរឬទេ ហើយការបាញ់បង្ហោះនេះនឹងចេញពីតំបន់បាញ់បង្ហោះយានអវកាស Baikonur ក្នុងប្រទេសកាហ្សាក់ស្ថាន ប៉ុន្តែផ្នែកគ្រប់គ្រងរបស់ទីភ្នាក់ងារអវកាសសហភាពអឺរ៉ុប បានប្រកាសលុបចោលផែនការនោះបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងប៉ារីស។ លោក Aschbacher បាននិយាយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដែលបញ្ជាក់ថា ការបាញ់បង្ហោះបេសកកម្មនេះមិនអាចកើតឡើងបានឡើយ ដោយមើលឃើញពីកាលៈទេសៈបច្ចុប្បន្ន ជាពិសេសការដាក់ទណ្ឌកម្មលើរុស្ស៊ីពីបណ្ដាប្រទេសជាសមាជិករបស់យើង។ បញ្ហានេះធ្វើឲ្យបេសកកម្មនេះមិនអាចទៅមុខរួច៕
អត្ថបទ៖ សុខមាន