មេបញ្ជាការកងកម្លាំងប្រដាប់អាវុធហូឡង់ លោកឧត្តមសេនីយ៍ Onno Eichelsheim បានប្រកាសពីការត្រៀមខ្លួនរបស់អង្គការណាតូ ក្នុងការពង្រឹងវត្តមានយោធារបស់ខ្លួន នៅតំបន់អាក់ទិក។
លោកបានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Defensiekrant ថា៖«យើងគឺណាតូ កំពុងបង្ហាញពីការត្រៀមខ្លួនរបស់យើង ក្នុងការខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើង ដើម្បីពង្រឹងជំហររបស់យើងនៅតំបន់អាក់ទិក»។ យោងតាមលោក Eichelsheim សម្ព័ន្ធយោធានេះ កំពុងពិភាក្សាអំពីការពង្រីកវិសាលភាពនៃសមយុទ្ធរបស់ខ្លួន នៅតំបន់អាក់ទិក ក៏ដូចជាការចាប់ផ្តើមបេសកកម្ម ដើម្បីធានាសន្តិសុខរបស់កោះហ្គ្រីនលែន ( Greenland)។
ឧត្តមសេនីយ៍រូបនេះ ក៏បាននិយាយផងដែរថា ប្រទេសហូឡង់ «មានសមត្ថភាពធ្វើប្រតិបត្តិការនៅតំបន់ អាកទិក» ហើយមើលឃើញថា នេះគឺជាគំនិតល្អ ទោះបីជាមិនទាន់មានការសម្រេចចិត្តចុងក្រោយក៏ដោយ។

នៅក្នុងខែកុម្ភៈនេះ ទស្សនាវដ្តី Der Spiegel បានរាយការណ៍ថា អង្គការណាតូនៅអឺរ៉ុប បានចាប់ផ្តើមរៀបចំផែនការប្រតិបត្តិការ Arctic Sentry ជាគំនិតមួយដែលបានលើកឡើងនៅដើមឆ្នាំនេះ ប៉ុន្តែសម្រាប់ពេលខ្លះ សម្ព័ន្ធយោធានេះ មិនប្រាកដថាតើសហរដ្ឋអាមេរិក នឹងគាំទ្រការចាប់ផ្តើមនៃផែនការលម្អិតឬអត់នោះទេ។ យោងតាមប្រភពព័ត៌មាននៅទីក្រុងប្រ៊ុចសែល ការទម្លាយភាពទាល់ច្រកមួយ ត្រូវបានសម្រេចក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទរវាងអគ្គលេខាធិការណាតូ លោក Mark Rutte និងប្រធានាធិបតីអាមេ រិក លោក ដូណាល់ ត្រាំ (Donald Trump)៕

