មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei និយាយកាលពីថ្ងៃចន្ទថា កម្លាំងប្រទេសរបស់លោកពឹងផ្អែកលើភាពស្ថិតស្ថេររបស់ប្រជាពលរដ្ឋ ជាជាងកម្លាំងមីស៊ីលរបស់ខ្លួន ដោយរូបលោកអំពាវនាវឲ្យប្រជាពលរដ្ឋអ៊ីរ៉ង់ ធ្វើឲ្យសត្រូវអស់សង្ឃឹម តាមរយៈការបង្ហាញសាមគ្គីភាព ។
លោក Khamenei និយាយនៅក្នុងសុន្ទរកថាថតទុក ស្របពេលដែលសាធារណរដ្ឋអ៊ិស្លាមត្រៀមរៀបចំខួបលើកទី ៤៧នៃបដិវត្តន៍ផ្តួលរំលំរបប Shah គាំទ្រដោយសហរដ្ឋអាមេរិកថា កម្លាំងជាតិ ពាក់ព័ន្ធច្រើននឹងឆន្ទៈ និងភាពស្ថិតស្ថេររបស់ជាតិជាងមីស៊ីល និងយន្តហោះ ។

លោកថា អ្នកត្រូវតែបង្ហាញភាពស្ថិតស្ថេរ អ្នកត្រូវតែបង្ហាញឆន្ទៈ រាល់គ្រប់សរភូមិទាំងអស់ ត្រូវបង្ហាញវាម្តងទៀត ដើម្បីធ្វើឲ្យសត្រូវខកចិត្ត ។
កាលពីសប្តាហ៍មុន ក្រុមមន្រ្តីការទូតសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចូលរួមជំនួបដោយប្រយោលតាមរយៈការសម្របសម្រួលរបស់អូម៉ង់ នៅរដ្ឋឈូងសមុទ្រអារ៉ាប់មួយនេះ នៅក្នុងកិច្ចខិតខំសង្រ្គោះវិស័យការទូត ស្របពេលការដំឡើងយោធាកងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅជិតប្រទេសអ៊ីរ៉ង់ ហើយនិងការសន្យារបស់ទីក្រុងតេអេរ៉ង់ ក្នុងការឆ្លើយតបយ៉ាងមុតមាំ បើសិនជាពួកគេរងការវាយប្រហារ ។
សារព័ត៌មានអ៊ីរ៉ង់រាយការណ៍ថា នៅថ្ងៃអង្គារនេះ លោក Ali Larijani គឺជាទីប្រឹក្សារបស់លោក Khamenei និងជារដ្ឋមន្រ្តីក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ នឹងធ្វើដំណើរទៅកាន់ប្រទេសអូម៉ង់ បន្ទាប់ពីជំនួបសហរដ្ឋអាមេរិក-អ៊ីរ៉ង់ នៅទីក្រុង Muscat កាលពីថ្ងៃសុក្រសប្តាហ៍មុន ៕
