ក្រុមរដ្ឋអាជ្ញាឧក្រិដ្ឋកម្មសង្រ្គាមអន្តរជាតិនិយាយកាលពីថ្ងៃចន្ទថា អតីតប្រធានាធិបតីកូសូវ៉ូលោក Hashim Thaci ដែលគ្រប់គ្រងក្រុមទ័ពព្រៃអាល់បានីនោះ គួរត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មសង្រ្គាម និងកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៤៥ឆ្នាំ ។
លោក Thaci និងមេបញ្ជាការអតីតកងទ័ពរំដោះកូសូវ៉ូ ៣រូបទៀត ត្រូវបានចោទប្រកាន់ពីបទបៀតបៀន ឃាតកម្ម ការធ្វើទារុណកម្ម និងការបាត់ខ្លួនដោយបង្ខំរបស់មនុស្ស អំឡុងពេល និងក្រោយពេលការបះបោរឆ្នាំ ១៩៩៨-៩៩ ដែលចុងក្រោយនាំឲ្យមានឯករាជ្យសម្រាប់តំបន់ជនជាតិភាគតិចអាល់បានី ពីស៊ែរប៊ី ។

លោករដ្ឋអាជ្ញា Kimberly West និយាយប្រាប់តុលាការអន្តរជាតិនៅទីក្រុងឡាអេ ប្រទេសហូឡង់ថា ឧក្រិដ្ឋកម្មទាំងនេះ គឺជាឧក្រិដ្ឋកម្មសង្រ្គាម ហើយនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។
លោកបន្តថា នៅឆ្នាំ ១៩៩៨ និងឆ្នាំ ១៩៩៩ ក្រុមប្រឆាំងនយោបាយ និងក្រុមសម្របសម្រួលជាមួយកងកម្លាំងស៊ែរប៊ីជាង ១០០នាក់ ត្រូវបានសម្លាប់ ហើយមនុស្សរាប់រយនាក់ផ្សេងទត ត្រូវបានបំពាន នៅក្នុង និងជុំវិញជំរំឃុំខ្លួន ៥០កន្លែងដែលគ្រប់គ្រប់គ្រងដោយកងទ័ពរំដោះកូសូវ៉ូ ។
លោក Thaci វ័យ ៥៧ឆ្នាំ ដែលធ្លាប់ជានាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងជាប្រធានាធិបតីកូសូវ៉ូ អំឡុងឆ្នាំ ២០០៨ និងឆ្នាំ ២០២០នោះ បានច្រានចោលរាល់ការចោទប្រកាន់ទាំងអស់ ។
ក្រុមមេធាវីរបស់លោក Thaci ដែលនឹងចេញសេចក្តីថ្លែងការណ៍នៅថ្ងៃពុធស្អែក ធ្លាប់បាននិយាយជំទាស់រួចទៅហើយថា លោក Thaci គ្មានសិទ្ធិអំណាចពិតប្រាកដនោះទេលើកងទ័ពរំដោះកូសូវ៉ូ និងមេបញ្ជាការរបស់ពួកគេ អំឡុងការបះបោរនោះ ៕
