ក្រុមជួយសង្រ្គោះ បានទាញសាកសពជនរងគ្រោះម្នាក់ទៀត ក្រោយអគារស់នៅរបស់អ្នកស្រុក បានបាក់នៅទីក្រុងទ្រីប៉ូលី ប្រទេសលីបង់ ។
ទីភ្នាក់ងារព័ត៌មានជាតិលីបង់ រាយការណ៍ថា ចំនួនមនុស្សស្លាប់សរុបបានកើនឡើងដល់យ៉ាងហោច ១៥នាក់ ។

ប្រធានការពារស៊ីវិលនិយាយថា អគារ ២ខ្នងនេះ មានមនុស្ស ២២នាក់រស់នៅ ហើយក្រុមមន្រ្តី និយាយថា អគារជាប់ខ្លួន បានបាក់រលំ ។
លោក Mohammed Mahmoud Omar គឺជាអ្នកស្រុកមួយរូបនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោកជាម្ចាស់ហាងមួយកន្លែងនៅក្នុងអគារនេះ ។ លោកបានបិទហាងកាលពីវេលាម៉ោង ១រសៀលថ្ងៃអាទិត្យ ហើយបានទៅផ្ទះ ។ លោកភ្ញាក់ឡើង ត្រូវគេនិយាយប្រាប់ថា អគារបានបាក់រលំ ហើយហាងរបស់លោកបានរាបដល់ដី ។
សារព័ត៌មានរដ្ឋ រាយការណ៍ថា អគារចាស់ទ្រុឌទ្រោមជាច្រើនរបស់អ្នកស្រុក បានបាក់នៅទីក្រុងទ្រីប៉ូលី ដែលជាទីក្រុងធំបំផុតទី ២របស់លីបង់ ក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ ។
ដោយឡែក លោក Abdel Hamid Karimeh គឺជាប្រធានក្រុមប្រឹក្សាក្រុងទី្រប៉ុលី និយាយថា បញ្ហាអគារគ្មានសុវត្ថិភាព បានក្លាយជាបញ្ហាមានជាយូរមកហើយ ។ សំណង់អគារមួយចំនួនមានអាយុកាលចន្លោះ ៦០-៧០ឆ្នាំ ឬច្រើនជាងនេះ ដោយគ្មានការថែទាំចាំបាច់នោះទេ ៕
