មេបញ្ជាការយោធាជាន់ខ្ពស់របស់អង្គការណាតូ (NATO) នៅក្នុងតំបន់អឺរ៉ុប បាននិយាយកាលពីថ្ងៃចន្ទ (ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦) ថា ការរៀបចំផែនការកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ សម្រាប់បេសកកម្មអាក់ទិកថ្មី ខណៈដែលសម្ព័ន្ធមិត្តយោធាមួយនេះ ឆ្លើយតបទៅនឹងសកម្មភាពរបស់រុស្ស៊ី និងចិន ដែលកំពុងកើនឡើងនៅក្នុងតំបន់។
ឧត្តមសេនីយ៍អាមេរិក លោក Alexus Grynkewich មេបញ្ជាការសម្ព័ន្ធមិត្តជាន់ខ្ពស់របស់អង្គការណាតូ នៅក្នុងតំបន់អឺរ៉ុប បានធ្វើការកត់សម្គាល់បែបនេះ ក្នុងអំឡុងពេលមានទស្សនកិច្ចការងារមួយ នៅប្រទេសលុចសំបួរ ជាកន្លែងដែលលោកបានជួបជាមួយរដ្ឋមន្ត្រីការពារជាតិ លោកស្រី Yuriko Backes និងប្រមុខក្រសួងការពារជាតិ លោក Steve Thull។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន RTL Today ដែលមានមូលដ្ឋាននៅលុចសំបួរ។
អំឡុងពេលនិយាយទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីមានកិច្ចប្រជុំនោះ លោក Grynkewich បានប្រាប់ថា អង្គការណាតូជិតបញ្ចប់ការរៀបចំ សម្រាប់បេសកកម្មមួយ ដែលគេស្គាល់ថា «Arctic Sentry» ដែលមានគោលបំណងពង្រឹងវត្តមានរបស់សម្ព័ន្ធមិត្ត នៅតំបន់អាក់ទិក។ លោកបានសង្កត់ធ្ងន់ថា បេសកកម្មនេះមិនទាន់ចាប់ផ្តើមនៅឡើយទេ។
ជាមួយគ្នានេះ លោក Grynkewich ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះលក្ខខណ្ឌការពាររួមរបស់អង្គការណាតូ គឺមាត្រា៥ ដោយពិពណ៌នាវាថា ជា «ពាសដែកការពារ»។ លោកបានបន្ថែមថា មិនមានការចង្អុលបង្ហាញថា ទីក្រុងវ៉ាស៊ីនតោននឹងកាត់បន្ថយតួនាទីរបស់ខ្លួន នៅក្នុងសម្ព័ន្ធភាពនេះនោះទេ ហើយបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកកំពុងធ្វើការ ដើម្បីធានាថា អង្គាករណាតូនៅតែជាសម្ព័ន្ធភាពយោធាដ៏រឹងមាំមួយ៕