រដ្ឋមន្រ្តីការបរទេសឥណ្ឌាលោក Vikram Misri និយាយកាលពីថ្ងៃចន្ទថា ឥណ្ឌាមានគម្រោងរក្សាប្រភពផ្គត់ផ្គង់ថាមពលជាច្រើន ហើយនិងធ្វើពិពិធកម្មវា ពេលដែលត្រូវការ ស្របពេលទីក្រុងញូវដែលី ចង់ធានាថា អ្នកប្រើប្រាស់នឹងទទួលបានថាមពលគ្រប់គ្រាន់ ក្នុងតម្លៃសមរម្យ តាមរយៈការផ្គត់ផ្គង់អាចទុកចិត្តបាន និងមានសុវត្ថិភាព ។
លោក Misri ថ្លែងបែបនេះជាការឆ្លើយតបចំពោះសំនួរ ក្នុងសន្និសីទសារព័ត៌មាន ដែលព្យាយាមស្វែងរកភាពច្បាស់លាស់លើគោលជំហររបស់ឥណ្ឌាក្នុងការទិញប្រេងរុស្ស៊ី បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយកាលពីសប្តាហ៍មុនថា ទីក្រុងដែលី បានប្តេជ្ញាឈប់នាំចូលប្រេងដោយផ្ទាល់ ឬដោយប្រយោលពីរុស្ស៊ី ។
លោក Misri និយាយថា អាទិភាពរបស់ឥណ្ឌា គឺការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ តាមរយៈគោលនយោបាយថាមពល ជំរុញដោយភាពអាចរកបានគ្រប់គ្រាន់ តម្លៃសមរម្យ និងភាពជឿជាក់លើការផ្គត់ផ្គង់ ។
កាលពីសប្តាហ៍មុន លោក Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដកចេញពន្ធ ២៥ភាគរយលើការនាំចូលទាំងអស់ពីឥណ្ឌា ពាក់ព័ន្ធនឹងការទិញប្រេងរុស្ស៊ី ។
មុននេះ វិមានក្រឹមឡាំងនិយាយថា ពួកគេពុំមើលឃើញអ្វីថ្មីនោះទេ នៅក្នុងសេចក្តីប្រកាសរបស់ឥណ្ឌាថា ពួកគេនឹងធ្វើពិពិធកម្មការផ្តល់ប្រភពថាមពលនោះ ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ រាយការណ៍ថា ការនាំចូលប្រេងរុស្ស៊ីរបស់ឥណ្ឌា បានធ្លាក់ចុះកាលពីខែមករា ស្របពេលក្រុមហ៊ុនចម្រាញ់ប្រេង ស្វែងរកបារ៉ែលជម្រើសផ្សេងបន្ថែមទៀត ក្រោមសម្ពាធទណ្ឌកម្មលោកខាងលិច ហើយនិងកិច្ចប្រជុំពាណិជ្ជកម្មសហរដ្ឋអាមេរិក-ឥណ្ឌា ៕