ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានរួចផុតពីការចោទប្រកាន់ទម្លាក់តំណែង នៅថ្ងៃអង្គារ (ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ ជាលទ្ធផលដែលមនុស្សភាគច្រើនរំពឹងទុកយ៉ាងខ្លាំងរួចហើយ បន្ទាប់ពីសម្ព័ន្ធមិត្តនៅក្នុងសភាជាន់ទាប បានបោះឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់ ដើម្បីច្រានចោលពាក្យបណ្តឹងប្រឆាំងនឹងរូបលោក។
ការបោះឆ្នោតនេះបានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីគណៈកម្មាធិការយុត្តិធម៌នៃសភាតំណាងរាស្ត្រ បានច្រានចោលពាក្យបណ្តឹងចោទប្រកាន់ទម្លាក់តំណែងចំនួន ២ ប្រឆាំងនឹងលោក Marcos ដោយផ្ដល់ហេតុផលថា ការចោទប្រកាន់ទាំងនោះខ្វះមូលដ្ឋានគាំទ្រ។ លោក Marcos ត្រូវបានចោទប្រកាន់ពីបទក្បត់ទំនុកចិត្តរបស់សាធារណជន ប្រព្រឹត្តអំពើពុករលួយ និងរំលោភលើរដ្ឋធម្មនុញ្ញ។
អនុប្រធានសភា លោកស្រី Janette Garin បានប្រាប់សមាជិកសភាថា៖ «ពាក្យបណ្តឹងចោទប្រកាន់ទម្លាក់តំណែងដែលបានដាក់ប្រឆាំងនឹងលោកប្រធានាធិបតី Ferdinand (Bongbong) R. Marcos Jr ត្រូវបានច្រានចោលជាផ្លូវការ»។

បន្ទាប់ពីមានការច្រានចោលនេះ ឥឡូវនេះ កិច្ចប្រឹងប្រែងចោទប្រកាន់ទម្លាក់តំណែងនេះ បានបង្វែរទៅអនុប្រធានាធិបតីវិញ គឺលោកស្រី Sara Duterte ដែលកំពុងប្រឈមនឹងពាក្យបណ្តឹងមួយទៀត បន្ទាប់ពីបានរួចផុតពីការប៉ុនប៉ងស្រដៀងគ្នានេះ នៅឆ្នាំ២០២៥។
ការចោទប្រកាន់ទម្លាក់តំណែងលោក Marcos ត្រូវការការបោះឆ្នោត ១ភាគ៣ ពីសមាជិកជាង ៣០០នាក់នៅក្នុងសភាជាន់ទាប ដែលសមាជិក ២៨៤នាក់ បានបោះឆ្នោត ដើម្បីច្រានចោលពាក្យបណ្តឹងនេះ។ មានតែសមាជិកសភា ៨នាក់ប៉ុណ្ណោះដែលបានបោះឆ្នោតគាំទ្រការចោទប្រកាន់នេះខណៈពេលដែល ៤នាក់បផ្ដល់សំឡេងអនុបវាទ៕
