រដ្ឋាភិបាលអាល្លឺម៉ង់ មានគម្រោងបញ្ជាទិញយានដ្រូនវាយប្រហារដែលមានតម្លៃ ៥៣៦លានអឺរ៉ូ (៦៣៨ លានដុល្លារ) ពីក្រុមហ៊ុនថ្មីអាល្លឺម៉ង់ Helsing និង Stark Defense ដែលជាផ្នែកមួយនៃការជំរុញដល់ការធ្វើទំនើបកម្មយោធា បន្ទាប់ពីមានការវាយប្រហាររបស់រុស្ស៊ី លើអ៊ុយក្រែន។
កិច្ចសន្យា ដើម្បីទិញអាវុធពីលើអាកាស ជាយានដ្រូនដែលហោះសំកាំងលើតំបន់គោលដៅ មុនពេលធ្វើការវាយប្រហារ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌដ៏ធំដែលមានតម្លៃ ៤,៣ពាន់លានអឺរ៉ូ។
ដោយត្រូវបានគូសបញ្ជាក់នៅក្នុងឯកសារដែលសារព័ត៌មាន Reuters បានឃើញ កិច្ចសន្យានេះត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយថា នឹងត្រូវបានបោះត្រាយល់ព្រមដោយគណៈកម្មាធិការថវិការបស់សភាជាន់ទាប។ កិច្ចព្រមព្រៀងទាំងនោះ ត្រូវបានរាយការណ៍ជាលើកដំបូងដោយទស្សនាវដ្តី Spiegel។
យានដ្រូនទាំងនេះដំបូងឡើយ មានបំណងគាំទ្រដល់កងពលតូចរថក្រោះទី៤៥ របស់អាល្លឺម៉ង់ ដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសលីទុយអានី។ យោងតាមឯកសារនោះ បានឲ្យដឹងថា កិច្ចសន្យាជាមួយក្រុមហ៊ុនទាំង២ នឹងមានរយៈពេល ៧ឆ្នាំ។ ក្រុមយានដ្រូនដំបូងត្រូវបានគ្រោងនឹងបញ្ជូននៅដើមឆ្នាំ២០២៧៕