យោងតាមសេចក្តីរាយការណ៍សារព័ត៌មានបានឲ្យដឹងថា កងកម្លាំងសន្តិសុខត្រូវបានដាក់ពង្រាយ ក្រោយឮស្នូរផ្ទុះគ្រាប់កាំភ្លើងនៅជិតពន្ធនាគារភាគកណ្តាល ស្ថិតក្នុងរដ្ឋធានី Conakry ប្រទេសហ្គីណេ ។
គេមិននៅទាន់ដឹងច្បាស់នោះទេថាតើ ភាគីណាមួយជាអ្នកផ្ទុះអាវុធ ហើយមូលហេតុអ្វីបានជាបង្កឲ្យមានការផ្ទុះអាវុធនៅថ្ងៃអង្គារនេះ ។ ពុំមានសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេពីក្រុមអាជ្ញាធរ ។
សាក្សីនិយាយថា ពួកគេបានមើលឃើញរថយន្តយោធាជាច្រើនគ្រឿង ដឹកកងកម្លាំងសន្តិសុខ និងរថយន្តបំពាក់កាំភ្លើងយន្ត ត្រូវបានដាក់ពង្រាយទៅកាន់ស្រុករដ្ឋបាលភាគកណ្តាល Kaloum ។ វិមានប្រធានាធិបតីស្ថិតនៅក្នុងស្រុក Kaloum ផងដែរ ។
រថពាសដែកយ៉ាងហោច ៣គ្រឿងរបស់កងកម្លាំងពិសេស ត្រូវបានគេមើលឃើញនៅមុខពន្ធនាគារ ហើយរថយន្តគិលានសង្រ្គោះ ៣គ្រឿង បានចាកចេញពីទីនោះ ។
លោក Thierno Balde គឺជាគណនេយ្យករមួយរូបធ្វើការនៅសង្កាត់នោះ និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា លោកបានឮសំឡេងរថយន្តបើកយ៉ាងលឿន ។ លោកក៏បានប្រញាប់ទៅអើតមើលតាមបង្អួច និងឮស្នូរបាញ់កាំភ្លើងស្វ័យប្រវត្តិ ។
គួររំឭកថា មនុស្ស ៩នាក់ ត្រូវបានសម្លាប់អំឡុងពេលហែកគុកកាលពីឆ្នាំ ២០២៣ ដែលកងកម្លាំងកម្មង់ដូប្រដាប់អាវុធ រំដោះលោកអតីតប្រធានាធិបតី Moussa Dadis Camara ៕