លោក Gubara al-Basheer និងគ្រួសាររបស់លោក ធ្លាប់ធ្វើដំណើរឆ្លងកាត់វាលខ្សាច់ស៊ូដង់ជាមួយសត្វអូដ្ឋ និងសត្វចិញ្ចឹមរបស់លោក ដោយផ្លាស់ទីដោយសេរីតាមផ្សារ តំបន់ប្រភពទឹក និងវាលស្មៅពណ៌បៃតង ។
ប៉ុន្តែចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីឆ្នាំ ២០២៣ រូបលោក និងពនេចរអារ៉ាប់ផ្សេងទៀត បានជាប់ខ្លួននៅក្នុងវាលខ្សាច់ ស្ថិតនៅក្រៅទីក្រុងភាគកណ្តាល al-Obeid របស់ស៊ូដង់ ដែលរងការគំរាមកំហែងពីក្រុមចោរ និងភាពតានតឹងបំបែកបំបាក់ជនជាតិភាគតិច ។
សង្រ្គាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) បណ្តាលឲ្យមនុស្សជិត ១៤លាននាក់ ជម្លៀសខ្លួន បង្កឲ្យមានការបង្ហូរឈាមជនជាតិភាគតិច និងការរីករាលដាលជំងឺ និងគ្រោះទុរ្ភិក្ស ។
លោក Ibrahim Jumaa គឺជាអ្នកស្រាវជ្រាវក្នុងស្រុកមួយរូប និយាយថា វាបានធ្វើឲ្យប៉ះពាល់ផងដែរដល់កម្មសិទ្ធិដីធ្លី និងផ្លូវសត្វចិញ្ចឹមដែលធ្លាប់ទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពនេចរ ហើយនិងទំនាក់ទំនងក្នុងតំបន់ ។
ទីក្រុង Al-Obeid ស្ថិតក្នុងចំណោមទីក្រុងធំៗបំផុតរបស់ស៊ូដង់ និងជារដ្ឋធានីរបស់រដ្ឋ North Kordofan ដែលត្រូវបានគេមើលឃើញការប្រយុទ្ធគ្នាខ្លាំងក្លាបំផុត អំឡុងសង្រ្គាម នារយៈពេលជាច្រើនខែកន្លងមកនេះ ។
ពលរដ្ឋរស់នៅក្នុងរដ្ឋ North Kordofan និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពួកគេបានជាប់ខ្លួនក្នុងនាមជាជនភាគតិចដ៏គួរឲ្យស្អប់ខ្ពើម ដោយសារសង្រ្គាម ។
លោក al-Basheer និយាយថា ពួកយើងធ្លាប់បំលាស់ទីតាមចិត្តចង់របស់ពួកយើង ប៉ុន្តែឥឡូវ ពួកយើងគ្មានជម្រើសនោះទេ ហើយក៏គ្មានភាគីណាទទួលយកអ្នកនោះដែរ ។
លោកបន្តថា កាលពីពេលកន្លងទៅ មានផ្សារច្រើនណាស់ ជាទីដែលអ្នកអាចលក់ និងទិញសត្វចិញ្ចឹមរបស់អ្នក ។ គ្មាននរណាម្នាក់ស្អប់ខ្ពើមពួកយើងនោះទេ ប៉ុន្តែឥឡូវវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ។
លោកនិយាយទៀតថា ពួកយើងប្រឈមនឹងការគំរាមកំហែងពីក្រុមចោរដែលតែងតែលួចសត្វចិញ្ចឹម ។ បច្ចុប្បន្នមានបញ្ហាច្រើនណាស់ ពួកយើងមិនអាចទៅណាបាននោះទេ បើសិនជាពួកយើងហ៊ានទៅ សត្រូវនឹងមកយកសត្វចិញ្ចឹមរបស់អ្នកជាក់ជាពុំខាននោះឡើយ ៕