កីឡាករ រី សក្ដា របស់ក្លិបព្រះខ័នរាជស្វាយរៀង និងកីឡាករ ខេម សុងហៃ របស់ក្លិបបឹងកេត បានគ្រងជើងឯករៀងៗខ្លួន ក្នុងការប្រកួតពានរង្វាន់អ៊ីខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ ដែលជាលីគកីឡាអេឡិចត្រូនិច(E-Sports) រៀបចំដោយក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ សហការជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកម្ពុជា ទើបបញ្ចប់កាលពីល្ងាចថ្ងៃអង្គារកន្លងទៅ។

សម្រាប់កីឡាករព្រះខ័នរាជស្វាយរៀង វី សក្ដា បានគ្រងជើងឯកលើវិញ្ញាសាទូរសព្ទដៃ(Mobile) ក្រោយធ្វើបានយ៉ាងល្អក្នុងការប្រកួតពេញមួយរដូវកាល និងវគ្គសំខាន់ៗជាបន្ដបន្ទាប់ រហូតបានឡើងវគ្គផ្ដាច់ព្រ័ត្រ និងបានយកឈ្នះកីឡាករ ម៉ាត់ រ៉ាហ្សាក់ របស់ក្លិប អឹមអូអាយ កំពង់ដេវ៉ា ដោយលទ្ធផល ៣-២ ដើម្បីក្លាយជាម្ចាស់ពានតែម្ដង។

ចំណែកកីឡាករ ខេម សុងហៃ របស់បឹងកេតវិញ បានគ្រងជើងឯកលើវិញ្ញាសាតេឡេបញ្ជា ឬ Console បន្ទាប់ពីវាយបកយកឈ្នះកីឡាករ ភោក សុបញ្ញា របស់ក្លិបព្រះខ័នរាជស្វាយរៀង ដោយការទាត់បាល់ ១១ម៉ែត្រកាត់សេចក្ដី ៣-២ ក្រោយប្រកួតស្មើគ្នា ២-២ ក្នុងម៉ោងធម្មតា។

គួរដឹងថា ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ និងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា រួមជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្កើតកម្មវិធីប្រកួតកីឡាអេឡិចត្រូនិក E-Cambodian Premier League ក្នុងគោលបំណងបង្កើតធនធានកីឡាករកីឡាអេឡិចត្រូនិក លើប្រភេទវិញ្ញាសា Mobile និងវិញ្ញាសា Console សម្រាប់ត្រៀមការប្រកួតប្រជែងលើឆាកអន្ដរជាតិ ហើយរៀងរាល់ឆ្នាំ ពាននេះ មានកីឡាករតំណាងក្លិបសមាជិកលីគកំពូលកម្ពុជាទាំងអស់ចូលរួម៕ អត្ថបទ៖ លី ឈុនឡា

