បាល់ទាត់៖ ខ្សែប្រយុទ្ធ Manchester United, Mascus Rashford មិនត្រូវបានកោះហៅចូលក្រុមជំរើសជាតិអង់គ្លេសឡើយ សំរាប់ការប្រកួតមិត្តភាពក្នុងខែមីនានេះ។ គ្រូបង្វឹកក្រុមជំរើសជាតិអង់គ្លេសលោក Gareth Southgate ក៏មានគំរោងជួបជាមួយកីឡាករវ័យ ២៤ឆ្នាំរូបនេះដែរដើម្បីពន្យល់ពីមូលហេតុដែលលោកមិនកោះហៅ។

Marcus Rashford គិតមកដល់ពេលនេះមិនទាន់បានស៊ុតបញ្ចូលទីឡើយតាំងពីថ្ងៃទី២២ ខែមករា និងជារួមស៊ុតបញ្ចូលទីបានតែ ៥គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ២៦ប្រកួតឱ្យ Manchester United រដូវកាលនេះ។ រំលឹកថា Marcus Rashford បានបង្ហាញខ្លួនសរុប ១៩៨ប្រកួតនៅ Premier League ស៊ុតបញ្ចូលទីបាន ៥៩គ្រាប់ និងបញ្ជូន ៣២លើក ហើយត្រូវបានកោះហៅចូលក្រុមជំរើសជាតិអង់គ្លេសដំបូងតាំងពីវ័យ ១៨ឆ្នាំកាលពីឆ្នាំ២០១៦។ អង់គ្លេសនឹងត្រូវជួបជាមួយស្វ៊ីស និងកូឌីវ័រចុងខែនេះលក្ខណៈមិត្តភាពនៅកីឡដ្ឋាន Wembley ទីក្រុងឡុងដ៍៕
អត្ថបទ៖នាង សុភាវុធ