ប្រជាពលរដ្ឋភៀសសឹកដែលកំពុងបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពហើយដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយដោយសារតែយោធាថៃព័ទ្ធរបងលួស ឬទូរកុងតឺន័រដើម្បីរារាំងឃាំងដំណើររបស់ពួកគេនោះ មិនត្រឹមតែទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអង្គទូត អង្គការអន្តរជាតិ និងបណ្តាញសារព័ត៌មានបរទេសនានាដែលបាននាំគ្នាចុះទៅជួបសម្ភាសន៍ សួរសុខទុក្ខ និងផ្តល់ការគាំទ្រទាំងសម្ភារៈ និងស្មារតី។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល។
តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា ជាក់ស្តែង កាលពីចុងសប្តាហ៍កន្លងទៅ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប រួមជាមួយតំណាងអង្គការយូនីសេហ្វ បានអញ្ជើញទៅដល់មណ្ឌលជនភៀសសឹកក្នុងខេត្តបន្ទាយមានជ័យនិង បានសម្តែងក្តីអាណិតអាសូរចំពោះពលរដ្ឋភៀសសឹក ហើយបានផ្តល់ការគាំទ្រនិងការលើកទឹកចិត្តយ៉ាងខ្លាំងដល់ពួកគេ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតបានប្រាប់បងប្អូនជនភៀសសឹកថា ពួកគេមិននៅឯកការទេ ពោលគឺសហភាពអឺរ៉ុបនៅជាមួយនិងជួយគាំទ្រពួកគេជានិច្ច។ នេះជាសារដែលផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋភៀសសឹកកម្ពុជា ក៏ដូចជាប្រទេសកម្ពុជាទាំងមូល និយាយជារួម។
ឯកឧត្តមបន្តថា វត្តមាននៃបណ្តាអង្គទូតនានាប្រចាំកម្ពុជា តំណាងអង្គការអន្តរជាតិ និងអ្នកសារព័ត៌មានបរទេស រួមទាំងអ្នកសង្កេតការណ៍អាស៊ាន(AOT) ផង ដែលបានទៅឃើញស្ថានភាពជាក់ស្តែងនៅតាមព្រំដែន ក៏ដូចជាស្ថានភាពប្រជាពលរដ្ឋភៀសសឹកដែលត្រូវបានរារាំងមិនឱ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន គឺជាសាក្សីផ្ទាល់ភ្នែកដែលបានដឹងលឺនិងកត់ត្រាអំពីការពិតដែលកើតឡើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ដូច្នេះ សកម្មភាពរំលោភបំពាន ទន្ទ្រានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់អន្តរជាតិពីសំណាក់កងទាហានថៃត្រូវបានសហគមន៍អន្តរជាតិដឹងលឺយ៉ាងទូលំទូលាយ។
ឯកឧត្តម ប៉ែន បូណា រម្លឹកជូនថា បណ្តាប្រទេសជាមិត្តទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ បានជួយជ្រោមជ្រែងកម្ពុជាតាំងពីការចាប់ផ្តើមដំបូងនៃសង្គ្រាមទន្ទ្រានឈ្លានពានទឹកដីពីសំណាក់កងទ័ពថៃកាលពីខែកក្កដា ឆ្នាំ ២០២៥ មកម៉្លះ។ ជាក់ស្តែង បទឈប់បាញ់ទាំងពីរលើក គឺនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ និង ២៧ ធ្នូ ២០២៥ ក៏ដូចជាសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ សុទ្ធតែកើតឡើងដោយកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជា ក្រោមការជួយជ្រោមជ្រែងពេញទំហឹងពីបណ្តាប្រទេសជាមិត្តជាពិសេស សហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិននិងម៉ាឡេស៊ីក្នុងនាមប្រធានប្តូរវេនអាស៊ាន។
ឯកឧត្តមបន្តថា កិច្ចព្រមព្រៀងទាំងនេះក៏បានទទួលការសាទរពីបណ្តាប្រទេសជាមិត្តគ្រប់ទិសទីដោយពួកគេបាននិងកំពុងបន្តជំរុញឱ្យភាគីទាំងពីរគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិ និងចៀសវាងដាច់ខាតការប្រើកម្លាំង។ ទាំងអស់នេះសបញ្ជាក់ឱ្យឃើញថា បងប្អូនប្រជាពលរដ្ឋភៀសសឹក និយាយដោយឡែក និងប្រទេសកម្ពុជាទាំងមូល និយាយជារួមកំពុងស្ថិតក្នុងក្រសែភ្នែកតាមដានយ៉ាងយកចិត្តទុកដាក់ពីសហគមន៍តំបន់ និងអន្តរជាតិ ពីព្រោះការទន្ទ្រានកាន់កាប់ទឹកដីនៃប្រទេសអធិបតេយ្យមួយដោយកម្លាំងយោធាត្រូវបានហាមប្រាមដោយធម្មនុញ្ញអាស៊ានធម្មនុញ្ញអង្គការ សហ ប្រជាជាតិ និងច្បាប់អន្តរជាតិ។ ដូច្នេះ ទាំងសមាគមអាស៊ាន និងសហគមន៍អន្តរជាតិមិនអាចឈរឱបដៃមើលការរំលោភបំពានបែបនេះឡើយ។
នៅឯកិច្ចប្រជុំចង្អៀតនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានជម្រាបជូនប្រមុខការទូតអាស៊ានរួចហើយថា ទោះបីជាមានការរីកចម្រើនជាវិជ្ជមានចាប់តាំងពីមានបទឈប់បាញ់ក៏ដោយ ក៏នៅតែមានសកម្មភាពមួយចំនួនដែលមិនស្របនឹងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី ៣របស់គណៈកម្មាធិការព្រំដែនទូទៅ ជាពិសេសទាក់ទងទៅនឹងការគោរពអធិបតេយ្យនិងបូរណភាពទឹកដី។ ជាក់ស្តែង ប្រជាពលរដ្ឋភៀសសឹកជាច្រើននៅតែមិនអាចត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគេវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរបាននៅឡើយ ដោយសារតែផ្ទះសម្បែងរបស់ពួកគេមិនអាចចូលបានដោយមានរបាំងរារាំង និងការគំរាមកំហែងសន្តិសុខ ឬត្រូវបានរុះរើឬបំផ្លាញ។ កុមាររាប់ពាន់នាក់នៅតែមិនអាចទៅសាលារៀនវិញបាន។
ថ្នាក់ដឹកនាំអាស៊ានក៏បានដឹងលឺអំពីបញ្ហានេះ ខណៈដែលភីលីពីនក្នុងនាមប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៦ ក៏បានបញ្ជាក់ពីអាទិភាពនៃការបន្តតាមដាន និងសម្របសម្រួលដើម្បីឱ្យការអនុវត្តសេចក្តីប្រកាសរួមថ្ងៃទី២៧ ធ្នូ២០២៥ ប្រព្រឹត្តទៅដោយពេញលេញនិងមានប្រសិទ្ធភាព ហើយភីលីពីនក៏ទទួលយកតួនាទីជាប្រធានអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តពីប្រទេសម៉ាឡេស៊ី។ នេះសបញ្ជាក់ថា បណ្តាប្រទេសជាមិត្តក្នុងតំបន់ និងសហគមន៍អន្តរជាតិស្ថិតនៅជាមួយកម្ពុជា និងគាំទ្រជម្រើសរបស់កម្ពុជាក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។
ឯកឧត្តម ប៉ែន បូណា បញ្ជាក់ជូនជាថ្មីថា កម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែន ឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៥សែន៦ម៉ឺននាក់ ឬជាង៨៧% បានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈនៅមានពលរដ្ឋចំនួន ៨៣.៥៤៦នាក់ទៀត (ស្រី្ត៤៣.៩៦៩នាក់ និងកុមារ២៧.៦៦៧នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញបាននៅឡើយដោយសារតែយោធាថៃព័ទ្ធរបងលួស ឬទូរកុងតឺន័រដើម្បីរារាំងឃាំងដំណើររបស់ពួកគេ និងមួយចំនួនជាតំបន់មានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពីការឈ្លានពានរបស់យោធាថៃ៕